កណ្តាល ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីលឿនជ្រុលទៅបុកជាមួយរុឺម៉កម៉ូតូ ជាអ្នកបម្រើការងារក្នុងការដ្ឋានជាមួយគ្នា រងរបួសធ្ងន់ទាំង២នាក់ ម្នាក់បាក់ជើងស្តាំ ម្នាក់បាក់ជើងឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងការដ្ឋានព្រលានយន្តហោះថ្មី ក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរុឺម៉កម៉ូតូ បើកដោយឈ្មោះ ហួន សុខវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារក្នុងការដ្ឋានខាងលើ មានទីលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់បាក់ជើងខាងស្ដាំ ។ ចំណែកភាគីខាងម៉ូតូស្កុបពី ពណ៌ស ជិះដោយឈ្មោះ រិទ្ធ រតនា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បម្រើការងារក្នុងការដ្ឋានខាងលើ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូពីកើតទៅលិច ដល់ចំណុចកើតហេតុជ្រុលបុកគ្នាជាមួយរុឺម៉កម៉ូតូ ដែលបើកពីលិចទៅកើត បណ្តាលឱ្យខាងម៉ូតូរបទសបាក់ជើងឆ្វេង ខាងរុឺម៉ករបួសបាក់ជើងស្តាំ ។ ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុក ដឹកយកទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.