ដាកា៖ យន្តហោះ Boeing 737 ដឹកមនុស្ស ៨៥ នាក់ បានរអិលចេញពីផ្លូវរត់ មុនពេលហោះឡើងនៅអាកាសយានដ្ឋានក្នុងទីក្រុង Dakar រដ្ឋធានីសេណេហ្គាល់ បណ្តាលឲ្យមនុស្ស ១០នាក់រងរបួស នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី ៩ ឧសភា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។

លោក El Malick Ndiaye រដ្ឋមន្ត្រីដឹកជញ្ជូន បាននិយាយថា ជើងហោះហើរ Air Sénégal ដំណើរការដោយក្រុមហ៊ុន Groupe TransAir បានធ្វើដំណើរទៅកាន់ទីក្រុង Bamako របស់ប្រទេសម៉ាលី កាលពីល្ងាចថ្ងៃពុធ ដោយដឹកអ្នកដំណើរ ៧៩នាក់ អាកាសយានិក ២នាក់ និងបុគ្គលិកកាប៊ីន ៤នាក់។

អ្នក​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​នៅ​ដំណើរនៅសេសសល់ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​យក​ទៅ​សណ្ឋាគារ​ដើម្បី​សម្រាក។

វីដេអូពេលយប់ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកដំណើរដែលកំពុងរត់ចេញពីយន្តហោះ ដែលស្លាបខាងឆ្វេងរបស់យន្ដហោះហាក់ដូចជា កំពុងឆាបឆេះ។

បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ អាកាសយានដ្ឋានសេណេហ្គាល់​បាន​ផ្អាកប្រតិបត្តិការផ្សេងៗ ​ភ្លាមៗ​ ប៉ុន្តែ​បាន​បើកដំណើរឡើង​វិញ​នៅ​ម៉ោង​ប្រហែល ១១:០០នាទីយប់ (ម៉ោងក្នុងស្រុក) នេះបើយោងតាមការឱ្យដឹងពីអាកាសយានដ្ឋាន​ ដែលបាន​ក្នុង​ការ​បង្ហោះ​តាម​អ៊ីនធឺណិត។

ទាក់ទិននឹងបញ្ហានេះ ក្រសួងបានណែនាំការិយាល័យស៊ើបអង្កេត និងវិភាគរបស់ប្រទេស ឱ្យបើកការស៉ើបអង្កេត ដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ៕

ប្រភព៖ CNA

Share.