ក្រុម​បាល់ទាត់​ Young Elephants FC របស់​ប្រទេស​ឡាវ បាន​ចាប់​ឆ្នោត​ជួប​ក្រុម​ព្រះខ័នរាជស្វាយរៀង ក្នុង​ពានរង្វាន់​ក្លិប​ជើង​ឯក​តំបន់​អាស៊ាន 2024–25 Shopee Cup ក្នុង​វគ្គ​ជម្រុះ​បឋម ស្រប​ពេល​ក្លិប​មួយ​នេះ​ទើប​តែ​បញ្ចប់​បេសកកម្ម​ក្នុង​ពានរង្វាន់​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី Selangor KUSEL Asia Challenge 2024 ដោយ​បរាជ័យ​ទាំង​២​ប្រកួត។

ក្រុម Young Elephants FC (រូបថត៖ក្លិប)

ពានរង្វាន់ Selangor KUSEL Asia Challenge 2024 រៀបចំ​ឡើង​ដោយ​ក្លិប​បាល់ទាត់ Selangor FC របស់​ម៉ាឡេស៊ី ដោយ​អញ្ញើញ​ក្រុម​ចំនួន​៣​ចូលរួម មាន​ដូចជា​ក្លិប Balestier Khalsa FC (សិង្ហបុរី) Duli Pengiran Muda Mahkota FC (DPMM FC) ប្រ៊ុយណេ និង​ Young Elephants FC (ឡាវ) ក្នុង​កីឡដ្ឋាន MBPJ របស់​ខ្លួន។

លទ្ធផល​​នៃ​ការ​ប្រកួត៖
ប្រកួត​ទី១​ថ្ងៃ​ទី​២៦ មេសា ២០២៤៖
*Balestier Khalsa FC ១-០ Young Elephants FC
*Selangor FC ៤-០ DPMM FC

ប្រកួត​ទី២​ថ្ងៃ​ទី​២៨ ខែ​មេសា ២០២៤៖
*DPMM FC ៣-៣ Balestier Khalsa FC
*Selangor FC ៤-០ Young Elephants FC

ក្រុម​បាល់ទាត់ Young Elephants FC បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​២០១៥ ស្រប​ពេល​បច្ចុប្បន្ន​មាន​​លោក Jason Lim ជា​ជនជាតិ​សិង្ហបុរី ជា​ប្រធាន​ក្លិប។ ក្រុម​នេះ​គ្រង​ជើង​ឯក​លីគ​កំពូល​របស់​ឡាវ Lao League 1 ចំនួន​២​ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ​២០២២ និង​២០២៣ ស្រប​ពេល​ដែល​ពានរង្វាន់ Lao FF Cup នៅ​ឆ្នាំ​២០២០ និង​២០២២។

ចំណែក​​ក្នុង​ពានរង្វាន់ 2024–25 Shopee Cup វិញ​​គឺ​តម្រូវ​ឱ្យ​មាន​ក្រុម​ចូលរួម​ចំនួន​​១៤​ក្រុម ដោយ​បែងចែក​ការ​ប្រកួត​ជា​២​វគ្គ ក្នុង​នោះ​មាន​វគ្គ​ជម្រុះ និង​វគ្គ​ចែក​ពូល ពី​ថ្ងៃ​ទី​​១៧ កក្កដា ២០២៤ ដល់​២១ ឧសភា ២០២៥។
វគ្គ​ជម្រុះ​មាន​ក្រុម៖
​​*Young Elephants FC (ឡាវ) ប៉ះ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
*Kasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)

ការប្រកួត​មាន​២ជើង ដោយ​ជើង​ទី១​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ កក្កដា និង​ជើង​ទី២ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០២៤។

ចំណែក​ក្រុម​ដែល​នៅ​ចាំ​ក្នុង​វគ្គ​ចែក​ពូល​មាន៖
*ពូល A មាន៖
BG Pathum United (ថៃ)
Terengganu (ម៉ាឡេស៊ី)
PSM Makassar (ឥណ្ឌូណេស៊ី)
Dong A Thanh Hoa (វៀតណាម)
ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​គូ​ទី១ អាច​ជា​Young Elephants FC (ឡាវ) ឬ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
ក្រុម​ឈ្នះ​វគ្គ​ជម្រុះ​គូ​ទី២ អាច​ជាKasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)

*ពូល B មាន៖
Buriram United (ថៃ)
Kuala Lumpur City (ម៉ាឡេស៊ី)
Cong An Ha Noi (វៀតណាម)
Borneo (ឥណ្ឌូណេស៊ី)
Kaya FC—Iloilo (ហ្វីលីពីន)
Lion City Sailors (សិង្ហបុរី)

បញ្ជីក្រុមក្នុងវគ្គចែកពូល (រូបថត៖ShopeeCup)

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ។

ចំណែក​ក្រុម​តំណាង​អោយ​កម្ពុជា ចូលរួម​ក្នុង​ពានរង្វាន់​នេះ​គឺ​ នៅ​ឆ្នាំ​២០០៣ ក្រុម​Samart United (បច្ចុប្បន្ន​ភ្នំពេញក្រោន) ហើយ​នៅ​ឆ្នាំ​២០០៥ ចូលរួមដោយ​ក្រុម​ណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើល)៕

Share.