សេអ៊ូល៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយនាថ្ងៃសុក្រ នេះថា ប្រទេសកូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបរទេស ធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន បន្ទាប់ពីដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់មួយ ខណៈការធ្វើកូដកម្មរយៈពេលជាច្រើនខែដោយក្រុមគ្រូពេទ្យសិក្ខាកាមមិនបានបង្ហាញពីសញ្ញាឆ្ពោះទៅរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។

ថ្វីបើគ្មានដំណោះស្រាយច្បាស់លាស់ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅសប្តាហ៍នេះថា វេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្របរទេសនឹងត្រូវបានអនុញ្ញាតឱ្យធ្វើការងារនៅក្នុងប្រទេសនេះ ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយការប៉ះពាល់ដល់សេវាកម្មជួយសង្រ្គោះក្នុងប្រទេស។

បន្ទាប់ពីការផ្លាស់ប្តូរនេះត្រូវបានប្រកាស ប្រធានសមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) លោក Lim Hyun-taek បានចែករំលែករូបថតវេជ្ជបណ្ឌិតសូម៉ាលី ដែលទើបបញ្ចប់ការសិក្សា ជាមួយនឹងការអត្ថាធិប្បាយថា «មកដល់ឆាប់ៗនេះ»។

យ៉ាងណា​ ការបង្ហោះចែករំលែកនោះ ត្រូវបានដកចេញ ដោយបានជំរុញឱ្យមានការរិះគន់យ៉ាងច្រើនតាមប្រព័ន្ធអ៊ីនធឺណែត និងមានភាពមិនសមរម្យយ៉ាងខ្លាំង ព្រមទាំងការលើកឡើងពីការប្រកាន់ពូជសាសន៍យ៉ាងច្បាស់ នេះបើតាមលោក Kim Jae-heon អគ្គលេខាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដែលតស៊ូមតិលើការថែទាំសុខភាពដោយឥតគិតថ្លៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។ លោក​បាន​និយាយ​ថា ការ​បង្ហោះ​នេះ «បាន​កេងប្រវ័ញ្ច​លើ​ការ​ស្អប់ខ្ពើម​សាសនា​អ៊ីស្លាម និង​ការ​វាយ​បក​ប្រឆាំង​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយនាថ្ងៃសុក្រ សប្ដាហ៍នេះថា រដ្ឋាភិបាលនឹងធ្វើឱ្យប្រាកដថា មានប្រព័ន្ធសុវត្ថិភាពហ្មត់ចត់មួយ ដើម្បីការពារវេជ្ជបណ្ឌិតដែលគ្មានគុណភាព តែមានអាជ្ញាប័ណ្ណពីបរទេស ពីការព្យាបាលប្រជាជនក្នុងប្រទេសរបស់យើង។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នា ជាមួយក្រុមវេជ្ជបណ្ឌិតវ័យក្មេង ដែលបានបដិសេធមិនត្រឡប់ទៅមន្ទីរពេទ្យរបស់ពួកគេវិញ បើទោះបីជាក្រសួងសុខាភិបាល បានផ្តល់ដំណឹងកាលពីខែមុន ដើម្បីកាត់បន្ថយការកែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានស្នើឡើងសម្រាប់ឆ្នាំ ២០២៥ក៏ដោយ។

វេជ្ជបណ្ឌិតដែលធ្វើកូដកម្មបានច្រានចោលការផ្តល់ជូននេះ ដោយទាមទារជំនួសឱ្យផែនការបង្កើតវេជ្ជបណ្ឌិតបន្ថែមទៀត ដែលរដ្ឋាភិបាលនិយាយថា មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្វះខាត និងការថែទាំប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស ត្រូវលុបចោលទាំងស្រុង។

ការប្រយុទ្ធគ្នាលើផែនការវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលនាពេលនេះ គឺនៅចំពោះមុខតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ដោយក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យកំពុងស្វែងរកភស្តុតាងដែលថា វាមិនចាំបាច់ ហើយក្រសួងសុខាភិបាលកំពុងស្វែងរកដើម្បីរក្សាផែនការរបស់រដ្ឋាភិបាល។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានឱ្យដឹងថា តុលាការរដ្ឋបាលមួយ បានសម្រេចចិត្តរួចហើយនៅក្នុងការពេញចិត្តរបស់រដ្ឋាភិបាល ហើយតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងផ្តល់សេចក្តីសម្រេចរបស់ខ្លួននៅសប្តាហ៍ក្រោយ។

សូមជម្រាបថា ក្រុមគ្រូពេទ្យកូរ៉េខាងត្បូងរាប់​ពាន់​នាក់​ បាន​លាឈប់​ធ្វើ​ការ​កាលពីថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដើម្បី​តវ៉ា​ចំពោះ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បណ្ដុះបណ្ដាលក្រុមវេជ្ជបណ្ឌិត​បន្ថែម​ទៀត ដែល​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​មន្ទីរពេទ្យ៕

ប្រភព៖ CNA

Share.