លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ ដើម្បីអបអរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ប្រារព្ធទៅនៅសាលប្រជុំអេ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងពិធីប្រគល់រង្វាន់នេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានឱ្យដឹងថា «យុទ្ធនាការឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំការប្រលងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដែលមានយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមសរុបចំនួន១,៧២៤នាក់ មកវិទ្យាល័យចំនួន ១២៤ ហើយសាខាកាកបាទក្រហមកម្ពុជា ទាំង២៤ខេត្ត និងអនុសាខា១៤ នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានជ្រើសរើសជ័យលាភីសរុបចំនួន ១១៧ផ្ទាំង មកចូលរួមប្រកួតនៅថ្នាក់ជាតិ»។

លោកជំទាវ ហួន ច័ន្ទបូរ៉ា បានបន្តថា «នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមការងារ បានរៀបចំដំឡើងគំនូរ ដើម្បីពិនិត្យវាយតម្លៃស្នាដៃគំនូរប្រចាំឆ្នាំ២០២៤ ស្តីពីគណៈកម្មាការដាក់ពិន្ទុប្រឡង គំនូរយុវជន កក្រក វិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ ហើយជ្រើសរើសបេក្ខជនជ័យលាភីចំនួនួ ៦រូប ដើម្បីឡើងធ្វើការបង្ហាញខ្លឹមសារនៃគំនូររបស់ខ្លួន ដើម្បីទទួលជ័លាភីផ្តាច់ព្រាត់»។

បន្ទាប់ពីបេក្ខជនទាំង៦នាក់ បានឡើងបកស្រាយនូវអត្ថន័យនៃគំនូររួចមកជាលទ្ធផល ៖

– ជ័យលាភីទី១ បានទៅលើ យុវជន សុខ ប៊ុនលាភ សិស្សថ្នាក់ទី១០ (C) វិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៥០ ម៉ឺនរៀល

– ជ័យលាភីទី២ យុវជន សម្បត្តិ ពិសិទ្ធ សិស្សថ្នាក់ទី១២ (ឆ) វិទ្យាល័យ សម្តេចជួនណាត ខេត្តកំពង់ចាម ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៤០ ម៉ឺនរៀល

– ជ័យលាភីទី៣ យុវនារី លឹម គីមគាង សិស្សថ្នាក់ទី១២ (ច) វិទ្យាល័យព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបាន ថេប្លេត(Tablet)១ឈុត(ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម, ថវិកា៣០ ម៉ឺនរៀល

ជ័យលាភីទទួលបានរង្វាន់លួងចិត្ត៣នាក់ ទទួលបាន ថេប្លេត (Tablet)១ឈុត (ថេប្លេត១គ្រឿង, Mouse១, Keyboard១), សំពៀត១, សៀវភៅសរសេរ៥ក្បាល, ទស្សនាវដ្តី១ ក្បាល, ប៊ិច២ដើម រួមមាន៖

– យុវជន សន ប៊ុនសុជាតា សិស្សថ្នាក់ទី១២ (ក) វិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ

– យុវនារី ហ៊ ស៊ីវហ័រ សិស្សថ្នាក់ទី១២ (ក) វិទ្យាល័យ ហ៊ុន សែន ចារថ្មី ខេត្តត្បូងឃ្មុំ

– យុវនារី ចាន់ សុជាតា សិស្សថ្នាក់ទី១២ (R) វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប

រង្វាន់ជ័យលាភីថ្នាក់ខេត្ត១១១នាក់ទៀត ទទួលបានសៀវភៅ ៥ក្បាល និងប៊ិច ២ដើម។

ជាចុងបញ្ចប់នៃកម្មវិធីខាងលើនេះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាខាកាកបាទ្រហមកម្ពុជា ២៤ខេត្ត និងរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង សម្របសម្រួលនិងដឹកនាំការប្រឡងគំនូរនេះ និងកោតសរសើរសារជាថ្មីចំពោះក្មួយដែលបានចូលរួមការប្រទ្បងគំនូរនេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីវិធីសាស្រ្តដើម្បីមានសុខភាពល្អ និងវិធីសាស្រ្តបន្ស៊ាំទៅនឹងអាកាសធាតុ៕

Share.