ភ្នំពេញ៖ បុរសកម្មកររោងចក្រម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់អ្នកជួលបន្ទប់ជិតខាង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុ កាលវេលាម៉ោង៩នឹង២០ព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលលេខ៥ ភូមិម័រ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ផន សុភា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ត តាកែវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង ប្រពន្ធនៅស្រុកយូៗមកលេងម្ដង ហើយនៅល្ងាចមុនថ្ងៃកើតហេតុជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានត្អូញត្អែប្រាប់អ្នកជិតខាងថាគាត់ចុកៗពោះ ហើយក៏ចូលបន្ទប់សម្រាកបាត់ទៅ លុះព្រឹកឡើង ផ្លែកមិនឃើញគាត់ក្រោកទៅធ្វើការរហូតដល់ម៉ោងប្រហែលម៉ោង៩ ប្រពន្ធជនរងគ្រោះបានទូរស័ព្ទមកជនរងគ្រោះចូលច្រើនដងតែមិនលើកដោយប្រពន្ធជនរងគ្រោះមានការងឿងឆ្ងល់ក៏តេតាមឆាតមកអ្នកជួលបន្ទប់ក្បែគ្នាឱ្យជួយទៅហៅគាត់ផង ខណៈដែលអ្នកជិតខាងមកគោះទ្វារស្រែកហៅជនរងគ្រោះតែមិនលឺឆ្លើយតប ហើយប្រពន្ធរបស់គាត់ក៏បានឱ្យអ្នកជិតខាងស្គាលគ្នាគាស់បង្អូចមើលទើបឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ព័តខ្សែរកន្លែងកើតហេតុ សហការជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យសពរួចបានសនិដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.