ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ លោកមេបញ្ជាការរង លោកស្នងការរង អភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប ។
  មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ណុប ឡងឌី បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀន ដោយបានស្តាប់នៅរបាយការណ៍របស់ក្រុងស្រុកទាំង៧ចំណុះឱ្យរដ្ឋបាលខេត្ត ព្រមទាំងបានសង្កត់ធ្ងន់ថា “ខ្ញុំសូមស្នើឱ្យលោកមេបញ្ជាការ លោកមេបញ្ជាការរង លោកអធិការ ក្រុងស្រុកទាំងអស់ ត្រូវបន្តសហការណ៍ ព្រមទាំងអនុវត្តកិច្ចការងារបង្រ្កាបបទល្មើសគ្រឿងញៀននេះឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្តាក្រុងស្រុកនីមួយៗគឺជាភូមិស ស្អាតគ្មានគ្រឿងញៀន” ។

ឯកឧត្តម ណុប ឡងឌី ក៏បានមានប្រសាសន៍ជំរុញឱ្យរាល់មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់គឺធ្វើយ៉ាងណាអនុវត្តតាមគោលការ៣កុំ ១រាយការ ហើយសូមឱ្យគ្រប់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ចូលរួមធ្វើការផ្សព្វផ្សាយតាមតំបន់ក្រុងស្រុករបស់ខ្លួន ក្រសួងស្ថាប័ន ជាពិសេសនៅតាមសាលារៀន សាកលវិទ្យាល័យជាដើមអំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដោយធ្វើការផ្សព្វផ្សាយ អប់រំ នៅកម្មវិធី(App No Drug) ។
  កម្មវិធីនេះមានមុខងារសំខាន់ៗចំនួន៣គឺ៖
១.វីដេអូអប់រំនិងកម្សាន្តចំណេះដឹងបញ្ហាផល់ប៉ះពាល់គ្រឿងញៀន
២.មុខងារស្វែងរកទីតាំងព្យាបាលនិងស្តានីតិសម្បទាគ្រឿងញៀន
៣.គឺមុខងាររាយការណ៍ព័ត៌មានដល់សម្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបង្ក្រាបនៅបទល្មើសគ្រឿងញៀនបានឆាប់រហ័សនិងទាន់ពេលវេលា ។


គួរបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការចាត់តាំងអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់បណ្តាអាជ្ញាធរ សមត្ថកិច្ច មន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាជំរុញ បង្ការ បង្ក្រាបបទល្មើសគ្រឿងញៀននេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

អត្ថបទ៖ សាន វីឡែម


Share.