កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ​​ លោក អាន់តូនីញ៉ូ ហ្គូទែរែស បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរព្រលានយន្ដហោះទីក្រុងកាប៊ុល ដែលបានផ្ដាច់ជីវិតមនុស្សជាច្រើននាក់ និងបង្ករឲ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។

សារព័ត៌មាន អាល់ រ៉ាប់ប៊ីយ៉ា របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានផ្សាយថា ក្បែរព្រលានយន្ដហោះទីក្រុងកាប៊ុល ក្នុងប្រទេសអាហ្វហ្កានីស្ថាន រងការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៤លើក បន្ទាប់ពីការផ្ទុះលើកទី២ រួចភ្លាមៗ ហើយការបំផ្ទុះគ្រាប់បែកនេះត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរផងដែរ។

មេបញ្ជាការនៃទីបញ្ជាការកណ្ដាលនៃកងទ័ពអាមេរិក លោក ខេនណេត ម៉ាក់ខេនហ្សី បានឲ្យដឹងថា​ នៅពេលនេះទាហានអាមេរិកចំនួន ១៣នាក់បានបាត់ជីវិត និង ទាហាន ១៨នាក់ទៀតរងរបួស ក្នុងការវាយប្រហារដ៏ក្ដៅគគុកនេះ។ ​

ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងរយៈពេលមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។

ក្រុមដែលបំផ្ទុះគ្រាប់បែកនៅក្នុងព្រលានយន្ដហោះ គឺជាក្រុម ISIS (អាយស៊ីស)​ ហើយក្រុមនេះ អាចមានសម្ព័ន្ធភាពជាមួយក្រុមតាលីបង់ ក្នុងប្រទេសអាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន។ ក្រុម ISIS អាស៊ីសបានចេញមុនយ៉ាងពេញទំហឹងថា​ ពួកគេគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដោយក្រុមនេះបានបាញ់រះទៅលើជនស៊ីវិលជាច្រើនទៀតផងដែរ។​

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS បានបញ្ជាក់កាលពីម្សិលម៉ិញនេះថា សមាជិករបស់ក្រុមនេះ បានរៀបចំធ្វើដំណើរ ទៅកាន់កន្លែងដែលមានមនុស្សប្រមូលផ្តុំយ៉ាងកកកុញ នៅក្នុងជំរុំ បារ៉ាន (Baran Camp) ដែលជាជំរុំរបស់កងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែក ដែលនៅជាប់ខ្លួនតែម្តង គិតមកត្រឹមរសៀលថ្ងៃទី ២៧ ខែ​ សី​ហា ឆ្នាំ​ ២០២១ នេះ ជនស៊ីវិលចំនួន ៧២នាក់បានស្លាប់ និង១៤០នាក់រងរបួស៕

ប្រភព៖ Daily Sabah ដកស្រង់ចេញពី Al-Rabiya

Telegram-Troryorng
Share.