មណ្ឌលគិរី ៖ គួរឱ្យសោកស្តាយ សត្វដំរីព្រៃញីមួយក្បាល ក្រោយខិតខំពីមន្ត្រីជំនាញ សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ជួយស្រង់ចេញពីល្បាប់ភក់ដែកជាប់ផុង ដើម្បីសង្គ្រោះ ព្យាបាល ជាអកុសលមកដល់វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានស្លាប់បាត់ជីវិតហើយ នៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី ។

តាមមន្ត្រីបរិស្ថានបានឱ្យដឹងថា សត្វដំរីព្រៃញីមួយក្បាលខាងលើ ត្រូវបានប្រទះឃើញជាប់ក្នុងល្បាប់ភក់ នៅចំណុចអូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានសភាពរបួសជើងមុខខាងឆ្វេង និងផ្នែកពោះអស់រយៈពេលបីថ្ងៃ នៅកន្លែងកើតហេតុ ។

ហើយត្រូវបានមន្ត្រីជំនាញ សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ រួមសហការជាមួយអង្គការ WWF ប្រើប្រាស់គ្រឿងចក្រស្ទូចលើក យកទៅព្យាបាល នៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី តែដោយស្ថានភាពរបួស សុខភាពសត្វ ទន់ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សត្វដំរីញីមួយក្បាលខាងលើបានស្លាប់បាត់ជីវិតហើយ ។

បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២រសៀលថ្ងៃដដែលនេះ ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.