ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ០២គ្រឿងបុកប៉ះគ្នា និងផ្លោងទៅប៉ះរថយន្តចតចោលមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសទាំងសងខាង ។

សមត្ថកិច្ចបានប្រាប់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះឡើងនៅវេលាម៉ោង ០១និង៣០នាទី រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។​

នៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកHonda Dreamសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មាន ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះ សាល អាយុប្រហែល១៨ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខៅប៊ូយជើងវែង  លុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ដៃចង្កូតគ្នាជាមួយនិងម៉ូតូមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា ម៉ាកHonda Dream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ឈ្មោះ បុត្រ អាយុប្រមាណ៣០ឆ្នាំ ជាអ្នកដឹកជញ្ជូនអាហារ ដោយមិនទាន់អស់ល្បឿនម៉ូតូខាងលើក៏ផ្លោងទៅបុកប៉ះនិងរថយន្តមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្ទួច និងបណ្តាលឲ្យរងរបួសបាក់ដៃហើយភាគីម្ខាងទៀតរបួសដូចគ្នា ។

បច្ចុប្បន្នក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកភាគីខាងរថយន្តមិនបានទាមទារសំណងថ្លៃការខូចខាតអ្វីទេ ដោយឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំការដោះស្រាយតាមនីតិវិធី ៕

Share.