មួយរយៈ​ក្រោយមក​​នេះ​ កញ្ញា គឹម ឌីណា បាន​ងាក​មក​ផ្ដោត​លើ​ការ​តែង​និពន្ធ​​សៀវភៅ ដែល​ជា​ចំណង់ចំណូល​ចិត្ត​របស់​ខ្លួនខ្លាំង ព្រម​ទាំងមាន​ការ​ទទួល​ស្គាល់ ​និង​ពេញ​និយម​ក្នុង​ស្រទាប់​អ្នក​អាន​​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ការ​អត្ថាធិប្បាយ​ព័ត៌មាន​របស់​កញ្ញា​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ យ៉ាង​ណា​មិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​កញ្ញា​នឹង​ត្រលប់​មក​​អត្ថាធិប្បាយ​ព័ត៌មាន​សារជា​ថ្មី​ឡើង​វិញ​។

អ្នក​និពន្ធ​រូបស្រស់​ ពេញ​ដោយ​សមត្ថភាព​និង​ទេពកោលស្យ កញ្ញា គីម ឌីណា នឹងបង្ហាញ​វត្តមាន​ជា​​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​​ថ្មី ​ នៅ​ក្នុង​កម្មវិធី​ត្រយង​ Top NEWS របស់​សារព័ត៌មាន​ត្រយង​។

កញ្ញា​ បាន​បញ្ជាក់​ឱ្យ​ដឹងពីមូលហេតុ​ដែល​កញ្ញា​ត្រលប់​មក​អត្ថាធិប្បាយ​ព័ត៌មាន​ថា​គឺ​ដោយ​សារ​តែ​កញ្ញា​នៅ​ស្រលាញ់​ការងារ​នេះ​ ម្យ៉ាង​វិញ​ទៀត​កញ្ញា​​មើល​ឃើញ​ ​ថា​ការងារ​នេះ​​អាច​ជួយ​ដល់​សង្គម​តាម​រយៈការ​ជំរាបជូន​ព័ត៌មាន ទាន់​ហេតុការណ៍​ ​និងថ្មី​ៗ រឿងរ៉ាវកើត​ឡើង​​ក្នុង​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

កញ្ញា​ក៏​បាន​បញ្ជាក់​ដែរ​ថា​នៅ​ត្រយង​កញ្ញា​អាច​បន្ត​ក្ដី​ស្រលាញ់​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ផង ហើយ​អាច​ធ្វើ​ជា​អ្នក​និពន្ធ​​បាន​ផង​ ដូច្នេះ​​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កញ្ញា​អាច​ធ្វើ​កិច្ចការ​ដែល​កញ្ញា​ស្រលាញ់បាន​ទាំង​ពីរ​ស្រប​គ្នា​។

ម្ចាស់​ស្នាដៃ​សៀវភៅ​ទើប​ចេញ​ថ្មី «ផ្កា​រីក​វិញ​ទេ?​» រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្វី​ត្បិត​តែ​កញ្ញា​​បាន​ឈប់​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​តែកញ្ញា​នៅ​តែ​បន្ត​ធ្វើ​​វីដេអូ​ចែក​រំលែក​ចំណេះដឹង និង​អ្វី​ៗ​ដែល​មាន​ប្រយោជន៍​ ទៅ​កាន់​យុវវ័យ និងយុវជន​ តាម​រយៈ​រឿង​រ៉ាវ​ស្នេហា ការងារ​ ឬ​បញ្ហា​ផ្លូវ​ចិត្ត​ នៅ​លើ​ឆាណែល​យូធូបដដែល​។

អ្នកនិពន្ធ​រូប​​នេះ ក៏​បាន​ឆ្លៀត​ឱកាស​អរគុណចំពោះ​អ្នក​គាំទ្រ​ ហើយ​​សង្ឃឹម​ថា​បងប្អូនដែល​តែងតែ​សាកសួរ​និង​ទន្ទឹង​រង់ចាំ​ការ​វិល​ត្រលប់​មក​​អត្ថាធិប្បាយ​របស់​កញ្ញា​នឹង​បន្ត​គាំទ្រ​ការអត្ថាធិប្បាយ​កញ្ញា​តាម​រយៈ​​កម្មវិធី​ Troryorng Top News ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​​ទាន់​ហេតុការណ៍​និង​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​សង្គម​។

កញ្ញា​​បាន​ផ្ដាំ​ផ្ញើដែរថា​ប្រសិន​បើ​​អ្នក​មាន​ក្ដី​ស្រមៃ​ កុំ​ខ្លាច​នឹង​ជំនះ​ឧបសគ្គ​នានា ព្រោះ​រឿង​ខ្លះ​ត្រូវ​ការ​ពេល​វេលា​ ប្រៀប​ដូច​ជា​ករណី​កញ្ញា​ ទោះ​ជា​ឃ្លាត​ឆ្ងាយ​ពី​ការ​អត្ថាធិប្បាយ​ច្រើន​ឆ្នាំ​ តែ​កញ្ញា​នៅ​តែ​អាច​ត្រលប់​មក​ចាប់​អាជីព​មួយ​នេះ​ឡើង​វិញ​ ដូច្នេះ​សូម​កុំ​ខ្លាច​នឹងមាន​ក្ដី​​សុបិន ហើយ​ត្រូវ​មាន​ភាព​ក្លាហាន តស៊ូ អំណត់​ និង​ជំនះ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​។  ​

កញ្ញា​ គឹម ឌីណា គឺជា​អ្នក​និពន្ធ​ដែល​មាន​ស្នាដៃ​សៀវភៅ​ប្រលោម​​​លោក​ល្បី​ៗ​ជា​ច្រើន​រឿង​ដូច​ជា​ ភរិយា​ខ្ញុំ​អាយុ​ ១៨ឆ្នាំ​ ស្នេហ៍​អស់​ពី​ហឬទ័យ​ ផ្ការីកវិញ​ទេ? និង មាន​​សៀវភៅ​ខ្លី​បែប​លើក​ទឹក​ចិត្ត​ «មនុស្ស​បាក់ទឹក​ចិត្ត​» ក៏​ដូច​ជា​ស្នាដៃ​ចម្រៀង​ចំនួន ​៤ បទ មនុស្ស​បាក់ទឹ​ក​ចិត្ត​ ស្រលាញ់​ អរគុណ​ដែល​ស្រលាញ់​អូន និង​បទ​ ផ្ការីកវិញទេ?៕

ទស្សនា​ព័ត៌មាន​​ជា​វីដេអូ​៖

Telegram-Troryorng


Share.