Britney Spears ​ត្រូវ​បាន​គេចោទ​ប្រកាន់​ថា​បាន​​ប៉ះទង្គិច​សម្ដី​​មេផ្ទះ​ដែល​ធ្វើការ​ជាមួយ​រាប់​ឆ្នាំ​ដោយ​សារ​តែ​ប្រកែក​គ្នា​រឿង​សត្វ​ឆ្កែ​កាល​ពី​សប្ដាហ៍​មុន​ ដោយ​រឿង​នេះ​មើល​ទៅ​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ព្រោះ​ករណី​ប្រមាថ​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ប្រគល់​ដល់​ដៃ​រដ្ឋអាជ្ញា​រួច​ហើយ​។

តារា​ចម្រៀង​ដែល​ជា​និមិត្ត​សញ្ញា​នៃ​សិល្បៈ​ចម្រៀង​រូប​នេះ​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ ខណៈ​ករណី​ដែល​បាន​កើត​ឡើង​នៅ​ផ្ទះ​របស់​អ្នក​នាង​កាល​ពី​សប្ដាហ៍​មុន​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​។

ការិយាល័យ​មេធាវី​ Ventura County District នៅ​ខណៈ​នេះ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ Britney ចំពោះ​ករណី​ខាង​លើ​នេះ​ឬក៏​យ៉ាង​ណា​។

តារា​ចម្រៀង​វ័យ ​៣៩​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ទះទូរសព្ទចេញ​ពី​​ដៃមេផ្ទះ​​ឱ្យ​ផុត​ពី​មុខ​ខ្លួន​ ក្រោយ​ពី​ស្ត្រី​មេផ្ទះ​រូប​នោះ​បាន​យក​ឆ្កែ​ទៅ​ពេទ្យ​សត្វ​។

ស្ត្រី​ជា​មេផ្ទះ​បាន​ប្រាប់​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​ គាត់​បាន​យក​សត្វ​ឆ្កែ​របស់​តារា​ចម្រៀង​ល្បី​រូប​នេះ​ទៅ​ពិ​និត្យ​សុខភាព​ដោយ​សារ​តែម្ចាស់​ខ្លួន​មិន​សប្បាយ​បារម្ភ​ពី​សុខភាព​សត្វ​ចិញ្ចឹម​។ ប៉ុន្តែ​ក្រោយ​ពី​ត្រលប់​មក​ផ្ទះ​វិញ​ កើត​មាន​ទំនាស់​ពាក្យ​សម្ដី​ពាក់ព័ន្ធ​នឹង​រឿង​សុខភាព​របស់​សត្វ​ឆ្កែ​ធ្វើ​ឱ្យ​ Britney Spears ទះ​ទូរស័ព្ទ​ចេញ​ពី​ដៃ​របស់​មេផ្ទះ​ខ្លួន​។

មេធាវី​របស់​ Britney លោក Mathew Rosengart បាន​ច្រាន​ចោក​រាល់​ការ​ចោទ​ប្រកាន់​និង​អះអាង​ថា​ការ​លើក​ឡើង​នេះ​គឺ​ហួស​ពី​ការ​ពិត​ខ្លាំង​ពេក​។ ដំណឹង​ខាង​លើ​នេះ​បាន​បែក​ធ្លាយ​ចេញ​មក​ក្រោយ​ Britney បង្ហាញ​ក្ដី​ពេញ​ចិត្ត​ចំពោះ​មិត្ត​ប្រុស​ Sam Asghari ដែល​តែង​តែ​នៅមក្បែរ​ខ្លួន​គ្រប់​ពេល​វេលា​និង​ឆ្លង​កាត់​ឧបសគ្គ​ជាមួយ​គ្នា​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ​។

ថ្មីៗ​នេះ​ Britney Spears ទើប​តែ​ទម្លាក់​គ្រាប់​បែក​ដ៏​ធំមួយ​​នៅ​​ក្នុង​សវនាការ​តុលាការ​ដោយ​ស្នើ​សុំឲ្យបញ្ចប់សិទ្ធិត្រួតត្រាពីសំណាក់ឪពុករបស់នាងលោក Jamie Spears ក្នុង​ឋាន​ៈ​ជា​​សហគ្រប់គ្រង​សិទ្ធិត្រួតត្រាលើអាជីពរបស់​ខ្លួន​៕

Telegram-Troryorng
Share.