រៀមច្បង Sitthichai នៅតែខ្លាំងក្នុងអាជីពប្រដាល់មួយថៃរបស់ខ្លួនដែលឈប់វ៉ៃរយៈពេលជិត៧ឆ្នាំហើយ បន្ទាប់ពីចាប់ជំនាញប្រដាល់ឃីកបុកសីងកម្រិតអាជីព ប៉ុន្តែរូបគេនៅតែធ្វើបានល្អដដែលដោយបានសិស្សប្អូន Tawanchai ដោយពិន្ទុនៅព្រឹត្តិការណ៍ប្រកួត ONE: BATTLEGROUND III នាយប់ថ្ងៃសុក្រ ទី២៧ ខែសីហានេះ។

ការពិតនៅសង្វៀនបង្ហាញឲ្យឃើញថា អ្នកប្រដាល់ល្បីឈ្មោះនៅថៃ Tawanchai ធ្វើបានយ៉ាងខ្លាំងនៅក្នុងទឹកទី១ តាម​រយៈ​កណ្តាប់​ដៃ និងទាត់ធ្ងន់ ខណៈរៀមច្បង Sitthichai បានព្យាយាមសម្រុកឆ្ពោះទៅមុខដោយកណ្តាប់ដៃ និងទាត់ដែរ។

បន្ទាប់មក Sitthichai កាន់តែដាក់សម្ពាធខ្លាំងឡើងតាមរយៈការដើរចូល ហើយទាត់ជើងក្រោមធ្ងន់ៗ ព្រមទាំងកណ្តាប់ដៃលឿនៗទាំងទឹកទី២ និងទឹកទី៣។ អាចនិយាយបានថា ការប្រកួតនេះជាឱកាសរបស់ Sitthichai ដោយសារតែភាគច្រើនវ៉ៃកណ្តាប់ដៃ និងទាត់ដែលជាជំនាញរបស់គេបានប្រឡូកឃីកបុកសីងរយៈពេល៧ឆ្នាំហើយ។

ដូច្នេះហើយបាន Sitthichai ចេញកណ្តាប់ដៃ និងទាត់លឿនៗទាំងការដកខ្លួនគេចពីការវ៉ៃរបស់ Tawanchai និងវាយសកវិញ ខណៈជំនាញមួយថៃដែលលេងជង្គង់ និងកែងនោះ អ្នកទាំងពីរមិនសូវបានប្រើឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅចុងទឹកទី៣ Sitthichai ហាក់ធ្វើបានកាត់តែល្អទាំងកណ្តាប់ដៃ និងទាត់ដែលបានធ្វើឲ្យប្រុសស្អាត Tawanchai បានដួលមួយលើកជាពីរលើកដែលកត្តានេះជំរុញឲ្យសិស្សច្បងទទួលបានពិន្ទុច្រើន។

អ្នកគាំទ្រប្រហែលជាគិតថា ការប្រកួតលើកនេះបុរសសង្ហាវ័យក្មេង Tawanchai ហាក់ដូចជាចម្លែងដែលចេញអាវុធដូចខុសប្លែកពីសព្វមួយ ឬមួយរូបគេមិនប្រឹងអស់ពីសមត្ថភាព។ ប៉ុន្តែអ្នកគាំទ្រអាចគិតថា Sitthichai ជាសិស្សច្បងដែលមានបទពិសោធក្រាស់លើឆាកអន្តរជាតិ ជាពិសេសជំនាញឃីកបុកសីងដែលត្រូវការភាពរហ័សរហួន ដូច្នេះច្បាស់ណាស់ថា Tawanchai មិនអាចបង្កព្យុះភ្លៀងស្រួលដូចដៃគូមុនៗទេ។

សម្រាប់ជ័យជម្នះនេះនឹងផ្តល់ឲ្យ Sitthichai បង្កើនកំណត់ត្រាប្រកួតឈ្នះ១២៤ដង ចាញ់៣២ដង និងស្មើ៥ដង។ ជាពិសេសរូបគេនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកជាមួយ Petchmorakot ដែលកំពុងគ្រប់គ្រងសព្វថ្ងៃ៕

Telegram-Troryorng
Share.