ក្រោយពីមានការភ្ញាក់ផ្អើលដោយប្រទះឃើញលលាដ៍ក្បាលសពមនុស្ស កាលពីល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចដីទួល មួយកន្លែងស្ថិតនៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រួចមក នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល កោសល្យវិច័យស្នងការក្រុង គ្រូពេទ្យ ធ្វើកំណាយ រណ្តៅ កប់សព ដើម្បីត្រួតពិនិត្យ ស្រាប់តែ ប្រទះឃើញ រណ្តៅកប់សពចំនួន២កន្លែងផ្សេងគ្នា ដោយគម្លាតពីគ្នា៨ម៉ែត្រ សង្ស័យជា ករណីឃាតកម្ម ។

កំណាយរណ្តៅទី១ ឃើញលលាដ៍ក្បាល គ្រោងឆ្អឹងដៃ សមត្ថកិច្ច ពិនិត្យជាក់ស្តែង ឃើញមាន ស្នាមធ្លុះដោយគ្រាប់កាំភ្លើង ពីមុខទៅក្រោយ ។ ចំណែករណ្តៅទី២ កាយប្រទះឃើញ ឆ្អឹងជើង រុំដោយភួយ ទើបសង្ស័យថាជាសពមនុស្ស២នាក់ផ្សេងគ្នា ដែលជនមិនស្គាល់មុខលួចយក ទៅកប់ចោលជាច្រើនខែមកហើយ សល់តែគ្រោងឆ្អឹង ។

សមត្ថកិច្ចជំនាញសង្ស័យថា ជាករណីឃាតកម្ម បាញ់សម្លាប់ហើយយកសពទៅកប់ចោល ទៅនោះ។ក្នុងចំណោមសាកសព ទាំងពីរមានប្រុសម្នាក់និងស្ត្រីម្នាក់៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.