ក្រុមបុរសជើងខ្លាំងចំនួន ៨នាក់ អូសយន្ដហោះដឹកទំនិញដ៏ធំ និង ធ្ងន់ជាងគេបំផុតនៅក្នុងពិភពលោក។

បុរសទាំង ៨រូបនេះគឺមានសញ្ជាតិអ៊ុយក្រែន បានប្រើកំលាំងបាយយកខ្សែដ៏ធំអូសទាញយន្ដហោះដឹកទំនិញដ៏ធំនេះដើម្បីបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស។

ពួកគេបាននាំគ្នាសហការគ្នាអូសយន្ដហោះធន់ធំបំផុតនេះដោយជោគជ័យ បានចម្ងាយ ៣០ម៉ែត្រ ដោយប្រើរយៈពេលត្រឹមតែ ១៤វិនាទីប៉ុណ្ណោះ។ យន្តហោះដឹកទំនិញដ៏ធំបំផុតនេះ អាចផ្ទុកទំងន់បានដល់ទៅជាង ២៥០តោនឯណោះ ដែលជាយន្ដហោះដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៨ នៅសហភាពសូវៀត។ កំណត់ត្រាជាតិអ៊ុយក្រែងបានទទួលស្គាល់កំណត់ត្រានេះជាផ្លូវការហើយ រួមទាំងបន្តដាក់ពាក្យស្នើសុំទៅកាន់កំណត់ត្រាហ្គីនណេសបន្ថែមទៀត។

សូមរំលឹកថា ការអូសយន្ដហោះធន់ធំបំផុតក្នុងពិភពលោកដោយក្រុមបុរសជើងខ្លាំងអូសចម្ងាយ ៣០ម៉ែត្រនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ៣០ នៃឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន៕

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
ប្រភព៖ ODD News

Telegram-Troryorng
Share.