ព្រះសីហនុ ៖ រថយន្តកុងតៃន័រមួយគ្រឿងបើកប៉ះម៉ូតូ ZOOMER រួចរេចង្កូតទៅបុករុញរថយន្តនីសាន់ ធ្លាក់ទ្រុងទូកុងតៃន័រសង្កត់ជាប់ពីលើរថយន្តនីសាន់ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់នោះទេ ស្ថិតនៅលើតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៥- ១៨៦ ក្នុងភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៧និង៣៥នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រម៉ាក Peterliet ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1286 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុជ្រុលទៅបុកម៉ូតូម៉ាក ZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1E-5824 ហើយរេចង្កូតទៅបុករថយន្តនីសាន់ ណា វ៉ា រ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2961 អ្នកបើកបរឈ្មោះ សុង ពិសី ភេទប្រុស អាយុអាយុ៤៩ឆ្នាំ ទីលំនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរុញធ្លាក់ផ្លូវ ធ្លាក់ក្រឡាប់ទូសង្កត់លើរថយ ន្តនីសាន់ តែសំណាងល្អពុំមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានសហការជាមួយនឹងមន្រ្តីនគរបាលផ្នែកចរាចរណ៍ស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះលើដងផ្លូវ ហើយសមត្ថកិច្ចរករថយន្តស្ទូចទៅលើកយករថយន្តចេញ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តតាមនិតិវិធី៕

Share.