បាត់ដំបង៖ សមត្ថកិច្ចបង្ក្រាបទីតាំងផ្តល់លេងល្បែងស៊ីសង ៣កន្លែងក្នុងស្រុកបាណន់ ឃាត់មនុស្សចំនួន ៧នាក់អនុវត្តតាមច្បាប់។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានប្រាប់ឲ្យដឹងថា លោកបានដឹកនាំកម្លាំង ផ្នែកជំនាញចុះបង្ក្រាប ទីតាំងលួចលាក់ បើកឲ្យលេងល្បែងស៊ីសងចំនួន ៣ទីតាំងនៅក្នុងភូមិសាស្ត្រឃុំតាគ្រាម និងក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងនោះបានប្រព្រឹត្តល្បែងស៊ីសងបៀរ ចំនួន ២ទីតាំង និងលេងល្បែងឆ្នោត ១ កន្លែងផងដែរ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១ ។

 ការអនុវត្តច្បាប់ទប់ស្កាត់បទល្មើសខាងលើនេះឃាត់ខ្លួនបានអ្នកពាក់ព័ន្ធប្រុស ស្រីសរុបចំនួន ៧នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀតរួមមាន បៀរ ៦ហ៊ូ កាតុងកត់កន្ទុយលេខ ទូរស័ព្ទដៃចំនួន ០៥គ្រឿង ប្រាក់រៀលចំនួន ៤២៥,៥០០រៀល ប្រាក់ដុល្លា ៥០ដុ ល្លា ម៉ូតូ ០១ គ្រឿង និងសម្ភារ:ពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

នគរបាលជំនាញបន្តថែមទៀតថា ការប្រមូលផ្តុំគ្នាច្រើននេះជាការផ្គើនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋា ភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ក្នុងសហគមន៍ ពិសេសបានល្មើស នឹងគោលនយោបាយភូមិ ឃុំ មានសុ វត្ថិភាពផងដែរ។ ចំពោះមុខសមត្ថកិច្ចមូលដ្ឋានស្រុកបាណន់ កំពុងបន្តការសាកសួរ និងត្រៀមចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.