ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លាវ វីរីយា ភេទប្រុស អាយុ55 ឆ្នាំ រស់នៅភូមិ ព្រៃឫស្សី សង្កាត់ ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាឪពុកជនសង្ស័យ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាវ សាវលិញ ភេទប្រុស អាយុ27ឆ្នាំ មុខរបរកម្មករ ។

ការឃាត់នេះធ្វើឡើងនៅចំណុចផ្ទះឪពុកជនសង្ស័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ កាលពីវេលាម៉ោង ២ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើ ក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារ ភាព ថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនជាយូរឆ្នាំមកហើយ ហើយពេលមកដល់ផ្ទះខ្លួនតែងតែប្រើហិង្សាក្នុងគ្រួសារ ព្រមទាំងគំរាមកំ ហែងសម្លាប់ឪពុក ម្តាយចោលទៀតផង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្ស និងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី02  ខែកញ្ញា ឆ្នាំ 2021៕

អត្ថបទ៖ ប៉ោយប៉ែត

Share.