ភ្នំពេញ ៖ ស្ត្រីម្នាក់រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ក្រោយពីមានជនសង្ស័យមួយក្រុមគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបលុយ អស់ជាង២លានរៀល និងឯកសារមួយចំនួនទៀត នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចគល់ស្ពានអាកាសចោមចៅប៉ែកខាងលិច ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះ ពៅ ករុណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់នំបុ័ង មុខពេទ្យកូរ៉េ មានប្តីឈ្មោះ ឡៅ រ៉ា អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ សម្ភារៈ លុយកាក់បាត់បង់ក្នុងកាបូប ត្រូវបានជនរងគ្រោះអះអាងថា លុយជាង២លានរៀល កាតគ្រីម៉ូតូចំនួន២ អត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ២សន្លឹក កាតអេធីអុឹម ប័ណ្ណ ប ស ស និងឯកសារមួយចំនួនទៀត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ព្រឹក តែងតែជិះម៉ូតូ ទៅទិញនំបុ័ង និងឥវ៉ាន់ បន្លែ ត្រី សាច់ នៅផ្សារជម្ពូវ័ន និងហាងនំបុ័ង នៅផ្លូវជាតិលេខ៣ សម្រាប់យកទៅលក់ដូរ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ ជិះម៉ូតូធ្វើដំណើរដូចសព្វដង តាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច កាត់ចំណុចស្ពានអាកាស ឆ្លងចូលផ្លូវជាតិលេខ៤ គ្រាន់តែបត់ឆ្លងផ្លូវ បំណងឆ្ពោះទៅរកទិញនំបុ័ងនៅផ្លូវជាតិលេខ៣ ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ២គ្រឿងមិនចាំស្លាកលេខ មកធ្វើសកម្មភាព ឆក់ទាញយកកាបូបស្ពាយពីក្នុងអាវ បានសម្រេចហើយ ក្រុមជនសង្ស័យនាំគ្នាជិះគេចបាត់អស់ បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើង មួយចំហៀងខ្លួនដំណំ ។

ក្រោយកើតហេតុ ជនរងគ្រោះមិនទាន់ទៅប្តឹងនគរបាលប៉ុស្តិ៍ភ្លាមទេ អស់លុយ អស់ទ្រព្យសម្បត្តិពីខ្លួនរលីង បានវិលត្រឡប់ទៅផ្ទះសិន រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែល ត្រូវបានគ្រួសារឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

Share.