ភ្នំពេញ ៖ ក្រុមរថយន្តគ្លីនិកឯកជន២ផ្សេងគ្នាកើតជម្លោះបញ្ចេញកម្លាំងបាយវាយគ្នាទៅវិញទៅមក រឿងដណ្តើមម៉ូយគ្នាដឹក បង្កឲ្យផ្អើលកក្រើកអ្នកដំណើរតាមផ្លូវ សមត្ថកិច្ចចុះទៅ ជនដែលរងរបួសម្នាក់ដឹងខ្លួនភ័យស្លន់ស្លោ ព្រលឹងចុងសក់ សុំមិនទៅពេទ្យទេ សុខចិត្តឈរមើលក្រុមឡានពេទ្យឯកជនឈ្លោះគ្នាវិញ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ចំណុចខាងលើកើតមានគ្រោះថ្នាក់ចរាចរ រថយន្តបើកកៀរម៉ូតូ បណ្តាលឲ្យបុរសម្នាក់ដួលរងរបួសសន្លប់វង្វេងបាត់ស្មារតី គ្រាន់តែទទួលដំណឹងបានភ្លាម ពុទ្ធោ ! មានរថយន្តគ្លីនិកឯកជនចំនួន២គ្រឿង មួយគ្រឿងរបស់គ្លីនិកនិងសម្ភពស័ង្កម៉ារី និងមួយគ្រឿងទៀតជារថយន្តរបស់គ្លីនិករស្មី ហើយក្រុមរថយន្តទាំង២ សុទ្ធតែបម្រើប្រយោជន៍រៀងខ្លួន ស្ថិតនៅមុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ បើកប្រជែងប្រដេញគ្នា មិនចាញ់យន្តហោះ របូតកង់ចោល ធ្វើយ៉ាងណារត់ទៅកន្លែងកើតហេតុមុន ដើម្បីយកជនរងគ្រោះមុនគេ លុះទៅដល់កន្លែងកើតហេតុ បែជាក្រុមរថយន្តទាំង២គ្រឿង ឈ្លោះដណ្តើមគ្នាលើកយកជនរងគ្រោះម្នាក់ ឈានដល់ប្រើកម្លាំងបាយ វាយទៅវាយមក ផ្អើលអ្នកអ្នកដំណើរ ទាំងសមត្ថកិច្ចផង រហូតដល់បុរសជាជនរងរបួសដឹងខ្លួនវិញ សុំមិនទៅតាមឡានពេទ្យទេ សុខចិត្តនៅឈរមើលក្រុមអ្នកដណ្តើមម៉ូយឈ្លោះគ្នាទៅវិញ ។

ក្រោយកើតហេតុ ភាគីសងខាងសុទ្ធតែដឹងពីសម្រេចរបស់ក្រសួងសុខាភិបាល រថយន្តគ្លីនិកឯកជន ពុំអាចចេញដឹកជនរងគ្រោះ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីក្រសួង ជំនាញពិនិត្យលើគ្រឿងបំពាក់ឧបករណ៍សង្គ្រោះបឋម មានលើរថយន្តពុំត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ពោលដឹកបញ្ជូនបានតែអ្នកជំងឺ ក្នុងគ្លីនិករបស់ខ្លួន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ ដោយឃើញសភាពមិនស្រួល មានតែសមត្ថកិច្ចឃាត់រថយន្តទាំងគ្រឿងប្រគល់ជូនក្រសួងសុខាភិបាល ទើបក្រុមអ្នកប្រយុទ្ធសងខាង ចែកផ្លូវគ្នាចាកចេញរៀងខ្លួន ៕

Share.