ភ្នំពេញ ៖ ជនជាតិចិនជក់បារីហើយបោះកន្ទុយចោល មិនប្រយ័ត្ន បណ្តាលឲ្យក្លាយជាអគ្គិភ័យឆាបឆេះក្នុងបន្ទប់ខុនដូ ជាន់ទី១៧ បង្កឲ្យភ្ញាក់ផ្អើល ទាំងអ្នកជួលស្នាក់នៅ ទាំងសមត្ថកិច្ច កាលពីវេលាម៉ោង៤និង១០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅជាន់ទី១៧ អាគារខុនដូ លី ហ៊ួត អាគារលេខ 36A ផ្លូវ២៤២ កែងផ្លូវ១១១ ក្រុម១៣ ភូមិ២ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ លី ហ៊ួត ភេទប្រុស អាយុ៧២ឆាំ្ន មុខរបរ ម្ចាស់អាគារខុនដូ ។ ចំណែកអ្នកជួលបន្ទប់ឈ្មោះ Xu HuiFa ជនជាតិចិន ភេទប្រុស អាយុ៣៤ឆាំ្ន មុខរបរ ថត Tik Tok បង្ហោះ ។

សមត្ថកិច្ចបន្តទៀតថា បន្ទប់កើតហេតុ លេខសេ១៧ ជាន់ទី១៧ ទំហំ៤ម៉ែត្រx៤ម៉ែត្រ ដើមចមឈានដល់អគ្គិភ័យឆាបឆេះ ដោយសារ ម្ចាស់បន្ទប់ជួលជក់បារីហើយ បោះចោល មិនបានពន្លត់។ក្នុងហេតុការណ៍នោះ ភ្លើងឆេះខូចខាតអស់ទ្រព្យសម្បត្តិក្នុងបន្ទប់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបញ្ចេញរថយននតពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ចេញទៅបាញ់ទឹកពន្លត់ភ្លើង ទើបរលត់ទៅវិញ។យ៉ាងណាក៏ដោយក្នុងហេតុការណ៍នោះ មិនបង្កឲ្យអ្នកណារងរបួសឬក៏មិនរាលដល់បន្ទប់ស្នាក់នៅផ្សេងនោះដែរ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.