បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តបោះពួយសំដៅឡើងលើស្ពានព្រះមុនីវង្សចាស់ មិនទាន់នឹងបានពាក់កណ្ដាលផងស្រាប់តែរេចង្កូតទៅបុកជាមួយនឹងបង្កាន់ដៃស្ពានពេញទំហឹងដាច់អស់មួយផ្ទាំងរងការខូចខាតយ៉ាងដំណំ។ក្រោយមករថយន្តបើកទៅមុខលែងរួច បង្ក ការភ្ញាក់ផ្អើលទាំងយប់ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់ នៅក្នុងហេតុការណ៍នោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣៨នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រង់ចំណុចចុងស្ពានព្រះមុនីវង្សត្រើយខាងកើត ក្នុងសង្កាត់ ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុ គេបានឃើញ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford ពណ៌កណ្ដុរប្រមេះមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BD-4093 បើកធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ ចំណុច កើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងស្ដាំទៅបុកជាមួយនឹងបង្កាន់ដៃ ស្ពានពេញទំហឹង ដាច់អស់មួយផ្ទាំងផ្លោងធ្លាក់ទៅខាងក្រោមស្ពាន ទើបរថយន្តបង្កទៅមុខលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅត្រួតពិនិត្យ ឃើញថារថយន្ត បង្កមួយ គ្រឿង នេះបង្កឱ្យមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋ ទើបទាក់ទងទៅផ្នែកជំនាញឱ្យចុះ មកធ្វើ ការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅផ្នែកចរាចរណ៍ ខណ្ឌច្បារអំពៅរង់ចាំ ដោះស្រាយនៅពេលក្រោយ៕

Share.