យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូល្បឿនលឿន ជ្រុលទៅបុករថយន្ត កំពុង បើកឆ្លងផ្លូវ កាលពីវេលាម៉ោង ៧និង ៣០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅតាម បណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ហម សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់១កន្លែងក្បែរកន្លែងកើតហេតុ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្មែរថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

តាមនគរបាលចុះទៅអន្តរាគមន៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1L-3431 វិលត្រឡប់មកពីផ្ទះ មិត្តភ័ក្តិ ធ្វើដំណើរឆ្ពោះទៅកន្លែងការដ្ឋានវិញ ពីត្បូងទៅជើងក្នុងល្បឿនលឿន។ ដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីចំហៀងផ្នែកខាងក្រោយនៃរថយន្តមួយគ្រឿង មិនចាំ ម៉ាក ដែលកំពុងបើកឆ្លងផ្លូវពីកើតទៅលិច បត់ឆ្ពោះទៅត្បូង បណ្តាលឲ្យជនរងគ្រោះ ស្លាប់ ភ្លាមៗនៅកន្លែង ភ្លាមៗរថយន្តមិនបានឈប់បន្តដំណើរគេចទៅបាត់ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន នគរបាលជំនាញចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់ សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូ នគរបាលយកទៅរក្សាទុក ដើម្បីបន្តស្រាវជ្រាវ៕

Share.