កូនរមិលគុណម្នាក់សង្ស័យបែកថ្នាំបានយកកាំបិតភ្ជង់ក និងវាយម្តាយ បណ្តាលឲ្យដួលដេកដីរួចយកប្រាក់ចំនួន ២លានរៀលទៅទិញគ្រឿងញៀនជក់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ម្សិលមិញនេះ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងរៀបចំបញ្ជូនយុវជនម្នាក់ទៅកាន់តុលាកាអនុវត្តតាមនីតិវិធី ក្រោយជនខាងលើបានប្រព្រឹត្តហិង្សាដោយចេតនាលើម្តាយបង្កើតរបស់កាលពីថ្ងៃទី ០៤ ខែកញ្ញា កន្លងទៅ។

ជនបង្កមានឈ្មោះជា គឹមឡេង ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយម្តាយក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកជនរងគ្រោះត្រូវជាម្តាយបង្កើតមានឈ្មោះលី ដាណា ( ហៅវណ្ណា ) អាយុ ៤២ឆ្នាំ មុខរបរលក់ ដូរ។

ប្រភពដដែលបន្ថែមថា នៅថ្ងៃកើតហេតុ ជនសង្ស័យជាកូនបង្កើតខាងលើបានធ្វើសកម្មភាពយកកាំបិតមកភ្ជង់ក ថែមទាំងបានវាយជនរងគ្រោះ ជាម្តាយជាច្រើនដៃបណ្តាលឲ្យដេកដួលទៅលើដី រួចបានប្រាក់ដែលលក់ដូរបានសរុបចំនួន ២លានរៀល និងខ្សែកប្លាក ទីន ០១ខ្សែទៀតយកទៅលក់ ហើយទិញគ្រឿងញៀនជក់បំពេញការស្រេកឃ្លាន។ ក្រោយធ្វើសកម្មភាពរួចម្តាយជាជនរងគ្រោះបានទៅប្តឹងដល់សមត្ថកិច្ចឲ្យជួយ ទើបកម្លាំងជំនាញចុះស្រាវជ្រាវឃាត់ខ្លួនតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.