លោក Taro Kona ដែលជារដ្ឋមន្ត្រីវ៉ាក់សាំង ត្រូវបានប្រជាជនជប៉ុនគាំទ្រកាន់តែច្រើនឡើងៗ ក្នុងការបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនបន្ទាប់ពីលោក Yoshihide Suga។

សារព័ត៌មាន Japan Time បានចុះផ្សាយកាលពីសប្ដាហ៍មុនថា លោក Yoshihide Suga បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ព្រមទាំងមិនឈរឈ្មោះជាបេក្ខភាពក្នុងអាណត្តិបន្ទាប់ កាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពីលោកមិនអាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់មេរោគកូវីដ១៩ បានល្អ។

យោងតាមលទ្ធផលស្ទង់មតិរបស់ប្រជាជនទូទាំងប្រទេសជប៉ុនបានបង្ហាញថា ២៣% នៃអ្នកដែលបានចូលរួមផ្តល់ចម្លើយ បានគាំទ្រលោក Taro Kono ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងវ៉ាក់សាំងកូវីដ១៩ ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ ខណៈដែលរដ្ឋមន្រ្តីការពារជាតិ និង រដ្ឋមន្ត្រីការបរទេសជប៉ុន ទទួលបានមតិគាំទ្រតិចជាងលោក រដ្ឋមន្រ្តីគ្រប់គ្រងវ៉ាក់សាំងរូបនេះ។

លទ្ធផលនៃការស្ទង់មតិគាំទ្រលើកទី ២ ត្រូវបានបញ្ចេញនៅព្រឹកថ្ងៃចន្ទនេះតែម្តង ដោយក្នុងនោះសាធារណជន​បានបង្ហាញការគាំទ្រខ្លាំងជាងគេ ទៅលើលោក Taro Kono ក្នុងការឈរឈ្មោះប្រកួតប្រជែងយកតំណែង ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចនៅជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះ។

ប្រសិនបើលោក Taro Kono ជាប់ជាប្រធានគណបក្ស LDP នោះលោកនឹងត្រូវបន្តតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Yoshihide​ Suga រយៈពេល២ខែទៀតប៉ុណ្ណោះ បើគិតចាប់ពីខែកញ្ញានេះ រហូតដល់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជាសាកលនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១៕

ប្រភព៖ Reuters

Telegram-Troryorng
Share.