​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ខុស​ពី​​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ អ្នក​គាំទ្រ​ជនជាតិ​ប៉ាគីស្ថាន​របស់ « Jongkook » សមាជិក​ក្នុង​ក្រុម​ BTS បាន​បញ្ចេញ​ប្រាក់​ទិញ​ផ្ទាំង​ឃោសនា​ពាណិជ្ជកម្ម​ដើម្បី​អបអរសាទរ​ថ្ងៃ​កំណើត​របស់​តារា​ចម្រៀង​រូប​នេះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២១ កន្លង​មក​ ប៉ុន្តែ​ផ្ទាំង​ Billboard ដ៏​ធំ​អបអរថ្ងៃ​កំណើត​​សំណព្វ​ចិត្ត​ត្រូវ​បញ្ជា​ឱ្យ​ទម្លាក់​ចេញ​ ព្រោះ​ក្រុម​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាសនា​និយម​ប៉ាគីស្ថាន​មើល​ឃើញ​ថា​ផ្ទាំង​ឃោសនា​នេះ​ផ្សព្វផ្សាយ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​។

នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា​ Billboard អបអរសាទរ​ថ្ងៃ​កំណើត​អាយដលល្បី​ឈ្មោះ​​នៅ​ក្រុង​ Gujranwala (កុដច្រាន់​វ៉ាឡា)​ ក្រុង​ឧស្សាហកម្ម​​​មួយ​របស់​ប្រទេស​ប៉ាគីស្ថាន​ តែ​ទីបំផុត​ផ្ទាំង​ឃោសនា​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​ ក្រោយ​មាន​ការ​ស្នើសុំ​ពី​អ្នក​នយោបាយ​ប្រចាំ​តំបន់​និង​ក្រុម​អ្នក​ងប់​នឹង​សាសនា។

យោង​តាម​ប្រសាសន៍​របស់​អ្នក​នយោបាយ​ប្រចាំ​តំបន់​បាន​ឱ្យ​ដឹងថា​នេះ​មិន​មែន​ជា​គំនិត​ផ្ទាល់​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ​ តែ​មាន​ប្រជាជន​ប៉ាគីស្ថាន​ជា​ច្រើន​នាក់​បាន​ស្នើ​សុំ​ឱ្យ​​ទម្លាក់​ចុះ​ ផ្ទាំង​ឃោសនា​ដែល​កំពុង​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ប៉ាគីស្ថាន​ប្រព្រឹត្តិ​អំពើ​មិនស័ក្ដិសម​។

«ក្នុង​ក្រុង​នេះ​មាន​ចំនួន​​យុវជន​ទាំង​ប្រុស​ទាំង​ស្រី​ច្រើន​​នាក់​ ខណៈ​ដែល​ក្រុម​ចម្រៀង​ BTS បាន​បង្កើត​ឥទ្ធិពល​ក្នុង​ផ្លូវ​អវិជ្ជមាន​ ឱ្យ​ដល់​កំលោះ​​ក្រមុំ​ ពួក​គេ​ផ្សព្វផ្សាយ​ឱ្យ​យុវវ័យ​ធ្វើ​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ ជា​ពិសេស​ផ្សព្វផ្សាយ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​។» នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ខាង​លើ​។​

លោក​បាន​បន្ត​​និយាយ​ដល់​រឿង ការ​ដែល​អ្នក​គាំទ្រ​ក្រុម​នេះ​ហៅ​ខ្លួន​ឯង​ថា​ ARMY ថា​ ក្នុង​ប្រទេស​នេះ​មាន​កងទ័ព (ARMY) ត្រឹម​តែ​មួយ​ប៉ុណ្ណោះ​ នោះ​គឺ​កងទ័ព​ប៉ាគីស្ថាន។

រឿង​ទម្លាក់​ផ្ទាំង​ឃោសនា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ BTS ក្នុង​ប្រទេស​ប៉ាគីស្ថាន​យ៉ាង​ខ្លាំង​ដោយ​ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​តាម​បណ្ដាញសង្គម​ថា​៖ « មនុស្ស​ចាស់​អស់​នេះ​ក្បាល​រឹង​ខ្លាំង​ណាស់​ ហើយ​កាត់​សេចក្ដី​មនុស្ស​ដោយ​គ្មាន​ហេតុផល​ គ្រាន់​តែ​រូប​រាង​ខាងក្រៅ​របស់​ពួក​គេ​សោះ​» ខណៈ​ដែល​ខ្លះ​ទៀត​​បាន​លើក​ឡើង​ដែរ​ថា​ «នេះ​គ្រាន់​តែ​ជា​ផ្ទាំង​ឃោសនា​ អត់​ឃើញ​មាន​បញ្ហា​អ្វី​សោះ​»។

BTS គឺ​ជា​ក្រុម​ចម្រៀង​បុរស​ដែល​មាន​សមាជិក​​ចំនួន​៧​រូប​ ក្រុម​នេះ​មាន​ភាព​ល្បីល្បាញ​និង​មាន​ចំនួន​អ្នក​គាំទ្រ​ (ARMY) នៅ​ពាសពេញ​ពិភពលោក​ សូម្បី​តែ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​ BTS ដែល​បាន​ហៅ​ខ្លួន​ថា​ ARMY យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ជា​ពិសេស​យុវវ័យ​៕​

Telegram-Troryorng


Share.