បាត់ដំបង៖ នគរបាលបានឃាត់ខ្លួនមេខ្យល់ចំនួន ២នាក់ដែលបំពាននាំពលករខ្មែរប្រុស ស្រីជាច្រើននាក់ប្រុងឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ។

លោកវរសេនីយ៍ឯក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក​ បានប្រាប់ឲ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងចំនួន ២ទីតាំងផ្សេងគ្នានៅថ្ងៃទី ០៥ និងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ ដោយករណីដំបូងកម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនពលករខ្មែរបានចំនួន ៩នាក់ ខណ:ដែលពួកគេប្រុងឆ្លងដែនចូលប្រទេសថៃ នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា។ ករណីបន្ទាប់ឃាត់ខ្លួនបានបុរសមេខ្យល់ចំនួន ២នាក់ទៀតនៅត្រង់ចំណុចរង្វង់មូលក្នុង ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនបានអ្នកពាក់ព័ន្ធសរុបចំនួន ១១នាក់ ប្រុសចំនួន ៣ ស្ត្រី ៥ នាក់ រួមទាំងក្មេងចំនួន ០៣នាក់ ផងដែរ។

ប្រភពនគរបាលដដែលបានបញ្ជាក់ដែរថា បុរសជាមេខ្យល់ទាំង ០២នាក់ត្រូវបានផ្នែកជំនាញរៀបចំបែបបទបញ្ជូនទៅកាន់ការិយា ល័យជំនាញ ដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.