ថ្ងៃទី៨ ខែកញ្ញា ត្រូវ​បាន​ប្រកាស​ជាទិវាអក្ខរកម្មអន្តរជាតិ​ដោយ​អង្គការយូណេស្កូ នៅ​ថ្ងៃទី១៧ វិច្ឆិកា ១៩៦៥។ ទិវានេះត្រូវ​បាន​ប្រារព្ធ​ឡើងជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៦៦ ក្នុង គោល​បំណង​ ​ដើម្បី​លើក​យក​និងផ្សព្វផ្សាយអំពីសារៈ​សំខាន់ ​នៃ​អក្ខរភាព​ទៅដល់សាធារណៈជន ​សហគមន៍ ​និង​សង្គមនានានៅជុំវិញពិភពលោក​។ ម៉្លោះហើយរៀងរាល់ឆ្នាំ នៅ​ទិវាអក្ខរកម្មអន្តរជាតិ ​អង្គការយូណេស្កូបាន​រំលឹក​ជូន​សហគមន៍​អ​ន្ដ​រ​ជាតិទាំងឡាយ អំពីស្ថានភាព ​នៃ​អក្ខរកម្ម​ និងការសិក្សារបស់​មនុស្ស​ពេញវ័យ ទូទាំងសកលលោក​។ ការ​ប្រារព្ធ​ទិវាអក្ខរកម្មអន្តរជាតិនេះ ត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានានៅ​ជុំវិញ​ពិភពលោក​។ 

មនុស្សពេញវ័យប្រមាណ ៧៧៥លាននាក់ កំពុងប្រឈមនឹងបញ្ហា​ខ្វះ​ជំនាញអប្បបរមា​ផ្នែកអក្ខរកម្ម​។ មាន១នាក់ ក្នុងចំណោមមនុស្សពេញវ័យ​៥នាក់ កំពុងស្ថិតនៅក្នុងអនក្ខរភាព មិនចេះអក្សរ ហើយក្នុងនោះ ២ភាគ៣ គឺជាស្ត្រី។ មានកុមារជាង ៦០.៧ លាន​នាក់ កំពុងមានបានចូលរៀននៅក្នុងសាលា​ ហើយក៏មានកុមាររាប់លាននាក់ដទៃទៀតដែលទៅរៀនមិនបានទៀងទាត់ ឬឈប់រៀន។

យោង​ទៅ​តាម “របាយការណ៍​ត្រួតពិនិត្យ​ជា​សកល​ស្តី​ពី​ការ​អប់រំ​សម្រាប់​ទាំង​អស់គ្នា (ឆ្នាំ ២០០៦​)​” នៃអង្គការយូណេស្កូ តំបន់​ទ្វីបអាស៊ីខាងត្បូង​និង​ភាគ​ខាងលិច ​​មាន​​អត្រា​​អក្ខរកម្ម​នៃមនុស្ស​ពេញវ័យទាប​បំផុត​នៅក្នុងតំបន់ (៥៨,៦​%​) តាមដោយតំបន់ អនុសាហារ៉ា នៃទ្វីប​អា​ហ្រ្វិ​ក (៥៩,៧​%​) និង​រដ្ឋ​អារ៉ាប់ (៦២,៧​%​) ។ បណ្ដា​ប្រទេស​ដែល​មាន​អត្រា​​អក្ខរកម្ម​ទាប​បំផុតនៅ​ក្នុង​ពិភពលោក​គឺ ប្រទេស បូគីណាហ្វាសូ (១២,៨%​)​, នីហ្សេ (១៤,៤%​) និង​ម៉ាលី (១៩%​) ។ របាយការណ៍​នេះ​ក៏បានបង្ហាញផងដែរអំពីទំនាក់ទំនងរវាង​អនក្ខរភាពនិងភាពក្រីក្រធ្ងន់ធរនៅតាម​ប​ណ្តា​ប្រទេស​នានា ​ហើយ​រវាង​អនក្ខរភាព​ និង​ការរើសអើង​ប្រឆាំង​នឹង​ស្រ្តី​។

ការ​ប្រារព្ធ​ពិធី​ទិវាអក្ខរកម្មអន្តរជាតិ​បាន​រួម​បញ្ចូល​ប្រធានបទជាក់លាក់​ដែលស្របគ្នា​ជាមួយ​នឹងគោលដៅ ‘​ការ​អប់រំ​សម្រាប់​ទាំង​អស់គ្នា’ ​និងកម្មវិធីដទៃ​ផ្សេង​ទៀត​នៃ​អង្គការ​សហ​ប្រជាជាតិ​ ​ដូច​ជា​ កម្មវិធីអង្គការ​សហ​ប្រជាជាតិ​​ មួយទសវត្សរ៍​នៃអក្ខរកម្មរ​។ ប្រធានបទនៃការប្រារព្វទិវានេះ​សម្រាប់​ឆ្នាំ ២០០៧ និង​ឆ្នាំ ២០០៨ នោះ​គឺ “អក្ខរកម្ម​និង​សុខភាព​” ជាមួយ​នឹង​ការ​ផ្ដល់ជូនពាន​រង្វាន់​ទៅ​ឱ្យ​អង្គការនានាដែល​ឈាន​មុខ​គេ​នៅក្នុងវិស័យ​ការ​អប់រំ​សុខភាព​។ នេះ​ក៏​ជា​ការ​សង្កត់ធ្ងន់​ទៅតាម​ខ្លឹមសារ​ប្រចាំឆ្នាំ ២០០៧-២០០៨ នៃ​កម្មវិធីអង្គការ​សហប្រជាជាតិ ​មួយ​ទសវត្សរ៍​នៃអក្ខរកម្ម​។ ជាពិសេស ទិវា​​អក្ខរកម្ម​អ​ន្ដ​រ​ជាតិ​ឆ្នាំ ២០០៨ បាន​ផ្ដោត​សំខាន់យ៉ាងខ្លាំងនៅ​លើ​អក្ខរកម្ម​និង​ការ​ទប់ស្កាត់​ការ​រីក​រាលដាលនៃជំងឺ ​ដោយ​ផ្តោ​ត​លើ​ជំងឺឆ្លង​ដូចជា​អេដស៍​ របេង ​និង​គ្រុនចាញ់​ ព្រមទាំងបញ្ហាដ៏គួរឲ្យព្រួមបារម្ភមួយចំនួនដទៃទៀតក្នុងវិស័យ​សុខាភិបាល​សាធារណៈ​ទូទាំងពិភពលោក។ សម្រាប់ឆ្នាំ ២០០៩-២០១០ ប្រធានបទបានសង្កត់ធ្ងន់នៅ​លើ “អក្ខរកម្ម​និង​ការ​ពង្រឹង​អំណាច​” ជាមួយ​នឹង​ការយកចិត្តទុកដាក់ជាពិសេស​លើ​សមភាព​យែ​ន​ឌ័​រ ​និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​​ស្ត្រី​។ ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវាឆ្នាំ ២០១១-២០១២ គឺ “អក្ខរកម្ម​និង​សន្តិភាព​” ៕

ប្រភព៖ វីគីផេឌា

Share.