បាត់ដំបង៖ គ្រាប់កាំភ្លើងមិនទាន់ផ្ទុះជិត១០គ្រាប់ ត្រូវបានប្រជាកសិករ ក្នុងស្រុកបវេលប្រទះឃើញ នៅលើដីដំបូកក្បែរវាលស្រែ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានបញ្ជាក់ឲ្យដឹងថា ករណីប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលឡើងនេះ ត្រង់ចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១០:០០នាទី ម្សិលមិញនេះ ប្រទះឃើញដោយប្រជាពលរដ្ឋឈ្មោះ ឆាយ សាខន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

នគរបាលមូលដ្ឋានប្រចាំស្រុក បវេល បានបន្តថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាកសិករប្រទះឃើញនេះជាគ្រាប់នៅសេសសល់តាំងពីសម័យសង្គ្រាម ដែលវាស្ទើរតែអស់គុណភាពទាំងស្រុងទៅហើយ សរុបចំនួន ០៧គ្រាប់ រួមមាន គ្រាប់ប្រភេទ ៦០ មី លីម៉ែត្រ ចំនួនន០៤គ្រាប់ គ្រាប់បេ ៤០ ចំនួន ០២គ្រាប់ គ្រាប់បេ៤១ ចំនួន០១គ្រាប់។ ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ព្រៃខ្ពស់ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះទៅពិនិត្យ និងនាំយកមករក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍ រងចាំមន្ត្រីអង្គភាពស៊ីម៉ាក ( CMAC ) យកទៅកម្ទេចចោល។

លោកវរសេនីយ៍ សុខ សារិន បានបន្ថែមថា លោកសូមថ្លែងនូវអំណរគុណ ចំពោះប្រជាពលរដ្ឋដែលបានរាយការណ៍មកដល់អង្គភាពជំនាញទាន់ពេលវេលា ជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ដោយសារយុទ្ធភ័ណ្ឌ និងអាវុធខាងលើជាយថាហេតុ៕

អត្ថបទ៖ដំបងក្រញូង

Share.