កសិករសញ្ជាតិអូស្ត្រាលីម្នាក់ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វចៀមបានគៀងហ្វូងសត្វចៀមរាប់ពាន់ក្បាលធ្វើជារូបបេះដូងដើម្បីផ្ញើសារលាគ្នាជាលើកចុងក្រោយទៅកាន់ម្ដាយមីង។

ដោយសារតែមេរោគកូវីដកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសអូស្រ្តាលី ស្របពេលដែលរដ្ឋមួយចំនួនធំបានបិទខ្ទប់ ទើបធ្វើឲ្យបុរសជាកសិករចិញ្ចឹមចៀមរូបនេះមិនអាចទៅចូលរួមពិធីបុណ្យសពរបស់ម្ដាយមីងបាន។

លោក បេន ចេកស៊ន បាននិយាយថា លោកមិនអាចធ្វើដំណើរចេញពីរដ្ឋ ញូវ សោត វែល៍ ទៅកាន់រដ្ឋ ប្រ៊ីសបានី ដើម្បីទៅជួបម្ដាយមីងនៅនាទីចុងក្រោយបានទេ។ លោក ចេកស៊ន បានបន្ដថា ម្ដាយមីងរបស់លោកបានស្លាប់ដោយសារតែជំងឺមហារីក លោកពិតជាសោកស្ដាយណាស់ដែលមិនបានទៅជូនដំណើរលើកចុងក្រោយ។ ប៉ុន្ដែលោកបានធ្វើរឿងដ៏អស្ចារ្យមួយនៅក្នុង
កសិដ្ឋានរបស់លោក ដោយលោកបានរោយគ្រាប់ធុញ្ញាជាតិចេញជារូបរាងបេះដូង រួចបានដោះលែងសត្វចៀមរាប់ពាន់ក្បាលអោយរត់ទៅស៊ីគ្រាប់ធុញ្ញាជាតិទាំងនោះ។

សកម្មភាពសត្វចៀមរត់ទៅស៊ីគ្រាប់ធុញ្ញាជាតិត្រូវបានថតដោយ Drone ហើយ លោក ចេកស៊ន បានបង្ហោះក្នុងបណ្ដាញសង្គម ដើម្បីផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារពីចម្ងាយ ក្រោយពីបង្ហោះវីដេអូនេះរួច មានអ្នកចូលមើលជាច្រើនម៉ឺននាក់ ជាពិសេស
សារព័ត៌មានជាច្រើនបានផ្ដិតយករូបភាពវីដេអូទាំងនេះ យកទៅចែកចាយបន្ដផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ The Guardian

Telegram-Troryorng
Share.