ក្រុមជនដៃដល់ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ តាមចាប់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោយយកដំបង វាយទៅលើយុវជនម្នាក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ទី១ ឈ្មោះវុទ្ធី ស៊ីឡន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ។ ទី២ ឈ្មោះធឿន សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ទី៣ ឈ្មោះ ជេត វាយោ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ។

ចំណែកឯជនរងគ្រោះដែលរងរបួសរហូតដល់ស្លាប់ ឈ្មោះ សួន ឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

នគរបាលបានឲ្យដឹងថា ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យកើតមានជម្លោះ ជាមួយ មនុស្សមួយក្រុម នៅកន្លែងផឹកស៊ី ក្រុមម្ខាងទៀតនោះចាកចេញទៅបាត់អស់ ។ លុះដល់វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល ឃើញជនរងគ្រោះ និងបងប្អូនជីដូន មួយម្នាក់ទៀតឈ្មោះ ហម ទ្រួស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ កំពុងបណ្តើរម៉ូតូ ស្មានតែក្រុមគូជម្លោះ បែរក្រុមជនសង្ស័យគ្នា៨នាក់ ប្រដាប់ដោយដំបង វាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងនោះមាន ម្នាក់ទៀតរត់គេចរួច។ ក្រោយមកក្រុមជនសង្ស័យបាននាំគ្នារត់គេចបាត់អស់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែបានស្លាប់ ។

ជុំវិញករណីហឹង្សាបណ្តាលឲ្យមនុស្សស្លាប់ខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំដោយលោក វរសេនីយ៍ ឯក ម៉ន វុធី អធិការខណ្ឌ បើកការស្រាវជ្រាវ អស់រយៈពេល២ថ្ងៃ រហូតចាប់ខ្លួនបានក្រុមជនដៃដល់៣នាក់ជាបន្តបន្ទាប់ ដើម្បីសាកសួរ និងកសាងសំណុំរឿង។ រហូតមកដល់ព្រឹក០៩ ខែកញ្ញា ឆ្នាំ២០២១ជនសង្ស័យ ត្រូវបានកម្លាំង នគរបាល បញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ចំណែកបក្ខពួកជនសង្ស័យចំនួន៥នាក់ទៀត ត្រូវបានជនសង្ស័យឈ្មោះ ជេត វាយោ chat តាមក្រុប បង្គាប់ឲ្យរត់គេចខ្លួន មុនកងកម្លាំងសមត្ថកិច្ចចុះទៅដល់ ពេលនេះសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ៕

Share.