ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃពុធម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ដើម្បីត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលារៀនទាំង០៥ ដែលត្រៀមដាក់ឱ្យដំណើរការ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក នាយកសាលា និងមេឃុំ ចៅសង្កាត់ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារ ណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីត្រៀមបើកសាលាសាកល្បងឡើងវិញ ក្នុងរដ្ឋបាលខេត្ត បានជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការ សាក ល្បង ដោយផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៥សាលា នៅតាមក្រុងស្រុកទាំង៥ មានដូចជា ៖

  • ១. វិទ្យាល័យ កែវផុ សនៅ ស្រុកស្ទឹងហាវ
  • ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់
  • ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ
  • ៤. អនុ វិទ្យា ល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា
  • ៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។

តាមការគ្រោងទុក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺឯកឧត្តមអភិបាលខេត្ត បានដាក់ផែនការ ចុះត្រួតពិនិត្យដោយផ្ទាល់លើ ការរៀបចំ និងដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង០៥ ខាងលើ មុនបើកឱ្យដំណើរការ តែដោយសារមានភារកិច្ចបន្ទាន់ទើបធ្វើការប្រជុំតាមប្រព័ន្ធ Zoom Meeting វិញ។

ខ្លឹមសាររួមនៃកិច្ចប្រជុំនេះ គឺផ្តោតលើស្ថានភាពរួមនៅតាមសាលារៀន និងសមត្ថភាពលើការគ្រប់គ្រងដឹកនាំរបស់នាយកសាលានីមួយៗ ជាពិសេសការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង០៥ខាងលើ ដើម្បី ធានាបានសុវត្ថិភាពចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើង។ និងបានសម្រេច បើកឱ្យដំណើរការសាកល្បងសាលារៀនចំនួន០៥សាលាស្មើនឹង៣៣ថ្នាក់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ៕

Share.