ខ្សែ​ជីវិត​របស់​ Georgina Rodriguez មិត្តស្រី​តារា​បាល់ទាត់​លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​សញ្ជាតិ​ព័រទុយហ្គាល់​ Christiana Ronaldo ប្រៀប​ដូច​ជា​ព្រះនាង​​ក្នុង​រឿង​និទាន​ ព្រោះ​នារី​ម្នាក់​នេះ​បាន​អភិវឌ្ឍ​ខ្លួន​តាំង​ពីជា​ភ្នាក់​ងារ​លក់​ខោអាវ​​​ក្នុង​ហាងធម្មតាម្នាក់​​មាន​ប្រាក់​​ខែ​មួយ​អាទិត្យ​​ជាង​៣០០​ដុល្លារ​ មក​ក្លាយ​ជា​តារា​ម៉ូដែល​​ល្បី​ល្បាញ​។

មុន​ពេល​បាន​ជួប​ស្គាល់​​ជាមួយ​នឹង​កំពូល​តារា​បាល់ទាត់ល្បី​ Christiana Ronaldo អ្នក​នាង​​ Georgina Rodriguez មិនមែន​ជា​តារា​ល្បី​មាន​គេ​ចាប់​អារម្មណ៍ច្រើននោះ​ទេ អ្នក​នាង​គ្រាន់​តែ​​ជា​មនុស្ស​​ស្រី​ដ៏​សាមញ្ញ​ម្នាក់​ មាន​ជីវភាពលំបាក​រស់​នៅ​ក្នុង​ផ្ទះ​សែន​តូច​ចង្អៀត​។

Georgina កើត​នៅ​ឆ្នាំ​១៩៩៤ នៅ​ប្រទេស​អាហ្សង់ទីន មាន​ឪពុក​ជា​ជនជាតិ​អាហ្សង់ទីន ជា​អតីត​កីឡាករ​បាល់​ទាត់​ មាន​ម្ដាយ​ជា​ជនជាតិអេស្បាញ នៅ​អាយុ​៤​ឆ្នាំ​ គ្រួសារ​របស់​នាង​បាន​ប្ដូរ​ទៅ​រស់​នៅ​​ប្រទេស​អេស្ប៉ាញ​ តាម​បំណង​របស់​ម្ដាយ​អ្នក​នាង​ នៅ​ខណៈ​​នោះ ​ប្រទេស​អេស្ប៉ាញ​រងវិបត្តិធ្ងន់​ធ្ងរ​ធ្វើ​ឱ្យ​ជីវភាពគ្រួសារ​របស់​អ្នក​នាងលំបាក​យ៉ាង​ខ្លាំង។​ ​ឪពុក​បង្កើត​នាង​បាន​​ជាប់​ពន្ធនាគារ​​ជិត​១០​ឆ្នាំ​នៅ​ប្រទេស​អេស្ប៉ាញ​ ហើយ​ថែម​ទាំង​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ប្រទេស​នេះ​ទៅ​កាន់​ស្រុកកំណើត​វិញ​នៅ​វ័យ​ ៦៩​ឆ្នាំ​ ដោយ​លោក​​បាន​ស្លាប់​នៅ​​ប្រទេស​​អាហ្សង់ទីន​ជា​ប្រទេស​កំណើតដោយ​ជំងឺ​។

កាល​ពី​ក្មេង​ Georgina មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំ​បាល់ឡេ​ប៉ុន្តែដោយសា​រតែ​ជីវភាព​គ្រួសារ​មាន​ការ​លំបាក​ធ្វើ​ឱ្យ​អ្នក​នាង​ត្រូវ​បោះ​បង់​ក្ដី​សុបិន​នេះ​ចោល​ ពេល​ចំរើន​វ័យ​ធំ​បន្តិច​ Georgina បាន​ផ្លាស់ប្ដូរ​កន្លែង​រស់​នៅ​ហើយ​បាន​ធ្វើ​ការងារ​ជា​អ្នក​បំរើ​ ប៉ុន្តែ​ក្រោយ​មក​នៅ​អាយុ​ ១៧​ឆ្នាំ​ នា​ឆ្នាំ​២០១២ អ្នកនាង​បាន​ទៅ​ធ្វើ​ជា​មេដោះ​នៅ​ប្រទេស​អង់គ្លេស​ បន្ទាប់​ពី​បង្វឹក​ភាសា​អង់គ្លេស​របស់​ខ្លួន​បាន​ល្អ​ហើយ​នោះ​ Georgina ក៏​ត្រលប់​មក​អេស្ប៉ាញ​វិញ​ដើម្បី​ចាប់​យក​ក្ដី​សុបិន​របស់​ខ្លួន​ធ្វើ​ជា​បុគ្គលិក​លក់​នៅ​ទីក្រុង​ Madrid។ ទីបំផុត​នៅ​ឆ្នាំ​២០១៦ ​ម្ចាស់​ចិត្ត​តារា​បាល់ទាត់​ដ៏ល្បី​រូប​នេះ​​បាន​ក្លាយ​ជា​ បុគ្គលិក​លក់​នៅ​ក្នុង​ហាង​ Gucci ដែល​ជា​ទី​កំណើត​ស្នេហ៍​​រវាង​អ្នក​នាង​និង​តារា​បាល់ទាត់​ល្បី។

ជីវិត​ជា​មិត្តស្រី​របស់​តារា​បាល់​ទាត់​ល្បី​មិន​បាន​ធ្វើ​ឱ្យ​អ្នក​នាង​​មាន​ភាព​សុខ​ស្រួល​ខ្លាំង​នោះ​ទេ​ ព្រោះ​ក្រោយ​ដំណឹង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​បែកធ្លាយ​ចេញមក​ខាង​ក្រៅ​ អ្នក​គាំទ្រ​បាន​សំរុក​ទៅ​កាន់​ហាង​ដែល​អ្នកម្ដាយ​កូន​៤​រូប​នេះ​ធ្វើ​ការ​ ហើយ​សកម្មភាព​នេះ​ធ្វើ​ឱ្យ​ម្ចាស់​ហាង​សម្រេច​ចិត្ត​ដក​អ្នក​នាង​ចេញ​ពី​ការងារ​ក្នុង​ក្ដី​សុបិន​ត្រឹម​រយៈ​ពេល​៨​ខែ​ដែល​បាន​បំពេញ​ក្នុង​ហាង​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អតិថិជន​ដែល​សុទ្ធសឹងជា​អ្នក​មាន​ទ្រព្យ​ធន​។

ក្រោយ​មក​រ៉ូណាល់ដូ​បាន​ជួយ​ឱ្យ​អ្នក​នាង​ធ្វើ​ការងារ​នៅ​ក្នុង​ហាង​ដ៏ធំ​មួយ​ទៀត​ប៉ុន្តែ​​ការងារ​ដែល​បាន​មក​ដោយ​សារ​ខ្សែ​រ៉ូណាល់​ដូនេះ​​បាន​ធ្វើ​ឱ្យ​ហ្វេន​បន្ត​តាម​​ទៅ​កាន់​ទីនោះ​ព្រោះ​ចង់សង្ឃឹម​ថា​នឹង​បាន​ជួប​មុខ​រ៉ូណាល់ដូ​ រហូត​ទីបំផុត​ម្ចាស់​ហាង​សុំ​ជួប​ជាមួយ​ Georgina ហើយ​ក៏​ស្រុះស្រួល​គ្នា​តាម​រយៈ​ការ​លា​ឈប់​ពី​ការងារ​របស់​អ្នក​នាង​។យ៉ាង​ណា​មិញ​បច្ចុប្បន្ន​ Georgina គឺជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​​ព្រោះ​មិន​​ត្រឹម​តែ​ជា​មិត្ត​ស្រី​និង​ជា​ម្ដាយ​របស់​កូន​ៗ​​ រ៉ូណាល់ដូ​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្នក​នាង​ក៏​បាន​ក្លាយ​ជា​តារា​ម៉ូឌែល​ដ៏​ល្បីល្បាញ​ ដែល​មាន​ Brand ផលិតផល​ល្បី​ចង់​រួម​សហការ​ជាមួយ​ខ្លាំង​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ថា អ្នកនាង​ Georgina និង​ កីឡាករបាល់ទាត់ល្បី ​រ៉ូណាល់ដូ​ ទោះ​ជា​មិន​ទាន់​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្ដី​ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​ប្រៀប​ដូច​ជា​ប្ដី​ប្រព​ន្ធ​ថែម​ទាំង​មាន​កូន​ប្រុសស្រី​ចំនួន​៤​នាក់​នៅ​ក្នុង​បន្ទុក ដោយ​កូន​ប្រុស​ច្បង​គឺជា​កូន​របស់​រ៉ូណាល់​ដូ​និង​អតីត​មិត្ត​ស្រី​​៕

Telegram-Troryorng
Share.