បាត់ដំបង៖ អាកាសធាតុអំណោយផលធ្វើឲ្យដំណាំម្រះលូតលាស់ផ្លែល្អ បង្កលក្ខណះដល់កសិករចុះប្រមូលផលបំពេញតម្រូវការទីផ្សារ។

កសិករឈ្មោះ ណា រិន រស់នៅក្នុងភូមិល្មូន ឃុំឃ្លាំងមាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា អ្នកស្រីដាំដំណាំម្រះលើទំហំផ្ទៃដី ១ហិកតា ស្មើនឹង ៤១រង ការសម្រេចចិត្តដាំដុះដំណាំនេះដោយសារលោកស្រី និងស្វាមីធ្លាប់មានបទពិសោធន៍លើការដាំដុះវាផង និងការសម្លឹងមើលទីផ្សារផង ហើយដោយសារមានទឹកភ្លៀងធ្លាក់រាយប៉ាយគ្រប់គ្រាន់ និងអាកាសធាតុត្រជាក់ផង ទើបធ្វើឲ្យម្រះទទួលបានទិន្នផលខ្ពស់។​

តាមរយ:បទពិសោធន៍ជាច្រើនឆ្នាំមកនេះប្រភេទដំណាំដែលគ្រួសាររបស់លោកស្រីជ្រើសរើសដាំតែងតែទទួលផលតាមការរំពឹងទុកមានដូចជា: ដំណាំម្រះ ឬខាត់ណា ដំណាំម្ទេស ឬស្ពៃជាដើម។ ការដាំដុះនេះទៀតសោត លោកស្រីមិនទំលាប់ប្រើប្រាស់ជីគី មី ដើម្បីជំនួយដើម ផ្កាផ្លែឡើយ រួមទាំងថ្នាំសម្លាប់ល្អិតផងដែរ ព្រោះវាបានបង្កប៉ះពាល់ទៅដល់សុខភាពទាំងអ្នកទទួលទាន រួមទាំងគាត់ជាអ្នកដាំផងដែរ។

កសិករខាងលើបន្តថា ចំពោះដំណាំម្រះដែលលោកស្រីបាននឹងកំពុងដាំដុះសព្វថ្ងៃមានរយ:ពេល ១ខែ ២០ថ្ងៃបានប្រមូលផល ចំណែករយ:ពេលប្រមូលផលចាប់ពី ១ខែកន្លះ ទៅ ២ខែ អាស្រ័យលើការយកចិត្តទុកដាក់ថែទាំ កាត់ស្លឹកតែងដើមនៅផ្នែកខាងក្រោមដើម ដូចនេះវាមានរយ:ពេលប្រមូលផលបានយូរគួសម ជួនកាលផលដែលទទួលបានមានហាងឆេងល្អពេញមួយរដូវ និងជួនកាលធ្លាក់ថ្លៃនៅដើមរដូវ និងត្រូវប៉ាន់មកវិញនៅពាក់កណ្តាល ឬចុងរដូវក៏មាន។

ជាក់ស្តែងនៅឆ្នាំនេះទីផ្សារផ្លែម្រះនៅដើមរដូវមានតម្លៃខ្ពស់បន្តិច ចាប់ពី ២ ០០០រៀលទៅជាង ២ ០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែដល់បច្ចុប្បន្នដំណាំម្រះលក់បានតម្លៃត្រឹមតែ ១ ០០០រៀល ទៅជាង ១ ០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម សង្ឃឹមថានៅពាក់កណ្តាលទី ឬចុងដៃផលម្រះនឹងត្រូវប៉ាន់ឡើងវិញ។ បច្ចុប្បន្នផលម្រះដែលប្រមូលបានក្នុងមួយថ្ងៃចំនួនពី ៣០០-៤០០គីឡូ ក្រាម ហើយលក់ក្នុងដំណាក់កាលចំពោះមុខនេះ បានត្រឹមតែរួចខ្លួន ឬខាតដើមតិចតួចប៉ុណ្ណោះ ប៉ុន្តែបើលក់បានថ្លៃ ក្នុងតម្លៃ ២០ ០០រៀល ទៅជាង ២ ០០០រៀល ទើបបានចំណេញច្រើនគួរសម៕

Share.