ភ្នំពេញ ៖ រថយន្តសាំយ៉ុងដឹកផ្លែស្លាមួយគ្រឿងមានគ្នា៣នាក់ បើកបណ្តើរនាំគ្នាផឹកបណ្តើរលើរថយន្ត សប្បាយអរក្រោយពីដើរ ទិញផ្លែស្លាបានច្រើន ហើយបើករថយន្តរេពេញផ្លូវ ក៏ជ្រុលទៅកៀររថយន្តសាំយ៉ុង រត់ឈ្នួលមួយគ្រឿង រួចមិនឈប់ដោះស្រាយ ទើបកើតជាជម្លោះ នៅលើដងផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយខាងរថយន្តដឹកស្លាប្រើប្រាស់ជំពាមកៅស៊ូ បាញ់ទៅលើរថយន្តតាក់សុី ប្រដេញគ្នាបានចំងាយជាង៤គីឡូម៉ែត្រ រហូតដល់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទើបទាន់ហើយឈប់នាំគ្នាចុះមក ព្រួតវាយលើ បុរសអ្នកបើករថយន្តតាក់សុី បណ្តាលឲ្យមែកមាត់ បាក់ធ្មេញអស់៣គ្រាប់ ហើយក៏មានរថយន្តសាំយ៉ុងមួយគ្រឿងផ្សេងទៀត ចុះជួយខាងរថយន្តដឹកស្លា បង្កឲ្យផ្អើលឆោឡោ ពលរដ្ឋចោមរោមជួយឃាត់ សមត្ថកិច្ចចុះទៅ ឃាត់ទាំងជនរងគ្រោះ ទាំងខាងបង្ក សរុប៦នាក់ នាំយកទៅសាកសួរ នៅប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ។

តាមសម្តីជនរងគ្រោះ ជាអ្នកបើកបររថយន្តតាក់សុី ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-6619 បានចោទប្រកាន់ទៅលើ ភាគីរថយន្តសាំយ៉ុង ដឹកផ្លឺស្លា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-2914 ជិះគ្នា៤នាក់ បានផឹកសុីលើរថយន្តស្រឹងហើយបើករថយន្តកៀររថយន្តគាត់ ក្នុងដំណើរស្របទិស ពីត្បូងទៅជើង រួចស្រែកឲ្យឈប់និយាយគ្នា បែជាបាញ់ជំពាមកៅស៊ូ មកលើរថយន្តគាត់ ទើបកើតជាជម្លោះប្រដេញគ្នា រហូតដល់ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ឈប់រថយន្ត មនុស្សទាំង៤នាក់ ក្នុងរថយន្តដឹកស្លា ចុះមកព្រួតវាយ បណ្តាលឲ្យរងរបួសបែកមាត់ បាក់ធ្មេញអស់៣គ្រាប់ ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-2507 ឈប់ចុះជួយវាយបន្ថែមទៀត។

ក្រោយពីភ្ញាក់ផ្អើល ក្រុមរថយន្តសាំយ៉ុង ដឹកផ្លែស្លាព្រួតវាយ អ្នកបើកបររថយន្តតាក់សុី សមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចុះទៅអន្តរាគមន៍ ឃាត់រថយន្តទាំង៣គ្រឿង និងក្រុមអ្នកបង្កចំនួន៥នាក់ នាំទៅសាកសួរបឋមនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ខណ្ឌកំបូល រួចប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ដើម្បីសាកសួរ និងដោះស្រាយគ្នា ៕

Share.