មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង  ៩និង២០នាទីព្រឹក  ថ្ងៃទី១០  ខែកញ្ញា  ឆ្នាំ២០២១នេះ នៅចំណុចអគារលេខ២០២០ ផ្លូវជាតិលេខ៥  ក្រុម១១  ភូមិផ្សារតូច  សង្កាត់ទួលសង្កែទី១  ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញដោយបានបំផ្លាញសម្ភារអស់ មួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក  ព្រហ្ម  យ៉ន  នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ យ៉ន  ទាយាទ  ភេទប្រុស  អាយុ  ៤៥ឆ្នាំ  ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ  របស់ក្រុមហ៊ុន  រថយន្តដឹកអ្នកដំណើរ។ ចំពោះមូលហេតុ នៃការឆាបឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ 

គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះដែលមានទំហំ  ៨ម៉ែត្រ x ២០ម៉ែត្រ  ឆេះគ្រឿងសម្ភារៈបរិក្ខា ក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក  នៅជាន់ទី៣  រួមមាន  ខ្នើយ  ភួយ  កំរាលពូក  វាំងននរថយន្ត អស់ទាំងស្រុង  សរុបជាទឹកប្រាក់ប្រហែល  ១ម៉ឺនដុល្លារអាមេរិក។ 

យ៉ាងណាក៏គ្រោះអគ្គិភ័យនេះពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់ អគ្គិភ័យ ចំនួន  ១៥គ្រឿង ប្រើប្រាស់ទឹកអស់  ១៥ឡាន ស្មើនឹង  ៦០ម៉ែត្រគូប ,  រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ  ចំនួន  ១គ្រឿង  ប្រើប្រាស់ទឹកអស់  ១ឡាន  រថយន្តក្រុមហ៊ុន  OCIC ទីក្រុងជ្រោយចង្វារ  ចំនួន  ៤គ្រឿង  ប្រើប្រាស់ទឹកអស់  ៤ឡាន  ស្មើ២០ម៉ែត្រគូប ,  រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា  ចំនួន  ១គ្រឿង  ប្រើប្រាស់ទឹក អស់  ១ឡាន  ស្មើ  ៦ម៉ែត្រគូប  និងរថយន្ត របស់សាលាខណ្ឌឫស្សីកែវ  ចំនួន  ១គ្រឿង  ប្រើប្រាស់ទឹក អស់  ១ឡាន  ស្មើនឹង  ៤ម៉ែត្រគូប  ទើបរលត់ទាំងស្រុង នៅវេលាម៉ោង  ១០និង៤៥នាទីព្រឹកនាថ្ងៃដដែល៕

អត្ថបទ៖ស្វាយ ភឿន

Share.