បទចម្រៀង​ទោល​របស់​តារា​ចម្រៀង​​ K-pop សញ្ជាតិ​ថៃ​កញ្ញា LISA សមាជិក​មួយ​រូប​របស់​ក្រុម Blackpink កំពុង​តែ​ធ្វើ​ឱ្យ​ហ្វេន​ជជែក​វែកញែក​គ្នា​បែក​ខ្ទិះ​ពេញ​លើ​បណ្ដាញ​សង្គម​ ដោយ​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ខក​បំណង​ ហ្វេន​ខ្លះ​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ តែ​ក៏​មាន​ហ្វេន​ខ្លះ​បាន​ចេញ​មុខ​ការពារ​អាយ​ដល​​រូប​នេះ​ផង​ដែរ​។

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ «Lalisa» គឺ​ជា​បទ​ចម្រៀង​ទោល​របស់​សមាជិក​ Blackpink ដែល​ទើប​តែ​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​ (Fan) បាន​ស្ដាប់​និង​ទស្សនា​កាល​ពី​៤​ម៉ោង​មុន​ ហើយ​ផ្ទុះ​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​។ បទ​ចម្រៀង​ទោល​ទើប​ចេញ​ថ្មី​​នេះ​ LISA បាន​លើក​ឡើង​ថា​មាន​ការ​បញ្ចូល​តន្ត្រី និង ​​សិល្បៈ​វប្បធម៌​របស់​ប្រទេស​ថៃ​ចូល​ទៅ​ក្នុង​នោះ​ផង​ដែរ​។

យ៉ាង​ណា​មិញ​ទន្ទឹម​នឹង​ជោគជ័យ​ដ៏​ធំ​របស់​តារា​ចម្រៀង​ជនជាតិ​ថៃ​រូប​នេះ​ ហ្វេន​ៗ​នៅ​កម្ពុជា​កំពុងតែ​ជជែក​វែក​ញែក​គ្នា​បែក​ខ្ទិះ​ចំពោះ​រូប​ខ្លោង​ទ្វារ​ប្រាសាទ​ដែល​មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា​ជា​រចនា​បទ​រ​បស់​ខ្មែរ​ ខណៈ​ដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​ចេញ​មក​ការពារ​និង​លើក​ឡើងថា​​ប្រាសាទ​ដែល​បាន​ឃើញ​នៅ​ក្នុង​ MV នោះ​ជា​ខ្លោង​ទ្វារ​ប្រាសាទ​នៅ​ក្នុង​ខេត្ត​បុរីរ៉ាំ ប្រទេស​ថៃ​ ជា​ខេត្ត​ស្រុក​កំណើត​របស់​ LISA ហើយ​ប្រាសាទ​នោះ​ក៏​ធ្លាប់​បាន​យក​មក​ថត​ភាពយន្ត​ភាគ​ថៃ​រឿង​ «ព្រះម៉ែ​នាគី​» ផង​ដែរ​។

ដោយសារ​តែ​មាន​មតិ​និង​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​ហ្វេន​និង​ហ្វេន​ឆ្លង​ឆ្លើយ​គ្នា​នៅ​លើ​ផេក​មួយ​មាន​ឈ្មោះ​ថា​ K-Pop World ជា​ផេក​គាំទ្រ​តារា​ចម្រៀង​​កូរ៉េ​​ ​និង​តែង​តែ​ផុស​រឿងរ៉ាវ​ ក៏​ដូច​ជា​ព័ត៌មាន​ថ្មីៗ​របស់​តារា​កូរ៉េ​ ​បណ្ដាល​ឱ្យ​កើត​មាន​​សង្គ្រាម​សម្ដី​ផ្លោង​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​។

ក្នុង​ចំណោម​នោះ​ក៏​មាន​មតិ​ខ្លះ​បាន​ចូល​មក​ដាស់​តឿន​ចំពោះ​ម្ចាស់​ទស្សនៈ​ខ្វែងគ្នា​​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាង​លើ​ ដោយ​ឱ្យ​គ្រប់​គ្នា​តំកល់​ចិត្ត​ឱ្យ​ធ្ងន់​ ហើយ​បញ្ឈប់​ការ​ឈ្លោះ​ប្រកែក​ជាតិសាសន៍​គ្នាឯងទៀត​ ព្រោះ​ការ​បាត់បង់​សាមគ្គី​មិន​មាន​ចំណេញ​នោះ​ទេ​ មាន​តែ​ខាត​បង់​ប៉ុណ្ណោះ​ ម្យ៉ាង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​សើច​ចំអក​ទៀតផង​។

គួរ​ដឹង​ថា​បទ​ចម្រៀង​ «Lalisa» ដែល​ជា​បទ​ចម្រៀង​ទោល​របស់​តារា​រូប​នេះ​បាន​ចេញ​បង្ហោះ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​នៅ​លើ​ឆាណែលយូធូប BLACKPINK កាល​ពី​៤​ម៉ោង​មុន​មក​ដល់​វេលាម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ ​ខែកញ្ញា​នេះ មាន​ចំនួន​ទស្សនា​រហូត​ដល់​ ២៥,២២៨,៦៦៦ ដង៕

ចូលអាន​ Comment ប្រកែក​វែក​ញែក​គ្នា​រវាង​ហ្វេន​និង​ហ្វេន​ខាង​ក្រោម​នេះ៖

Telegram-Troryorng

Share.