ភ្នំពេញ៖ ថ្ងៃទី១៥ កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកឲ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នៅមុនពេល ដែលសាលារៀនចាប់ផ្តើមដំណើរការឡើងវិញ អាជ្ញាធរបានរៀប ចំយុទ្ធនាការបាញ់ថ្នាំ សម្លាប់ មេរោគនៅតាមបរិវេណសាលានានា។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគក្នុង បរិវេណ វិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក ដើម្បីត្រៀមបើកគ្រឹះស្ថានអប់រំចំណេះដឹងទូទៅជំហានដំបូងនេះ ដោយបើកចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ។

ក្នុងនោះគ្រប់គ្រឹះស្ថានសិក្សាត្រូវគោរពតាមសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថាន សិក្សា សាធារ ណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ក្រោយពេលដែល គ្រឹះស្ថាន សិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកី ឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។


យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងកម្មវិធីនៃការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្ដាសាលានានា នៅទូទាំងរាជធានីភ្នំពេញនេះរដ្ឋបាលរាជធានីភ្នំពេញបានបែងចែកកម្លាំងទាំងអស់ ទៅបាញ់ថ្នាំសម្លាប់មេរោគនៅ តាមខណ្ខទាំង ១៤ខណ្ឌ ។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលត្រូវបានបងប្អូនប្រជាពលរដ្ឋមានទាំង ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមនិងគាំទ្រ យ៉ាង ពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃ ការរៀនសូត្រប្រមាណ ៧ខែ មកនេះ ដោយការរាតត្បាតដោយជំងឺកូវីដ-១៩ ។


បើតាមអភិបាលរាជធានីភ្នំពេញ មិនថាសាលា តូច ធំ រដ្ឋ ឬ ឯកជននោះទេ សំខាន់ឲ្យតែ អនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិ ស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរឲ្យសិស្សានុសិស្សបានចូលរៀន៕

Share.