ភ្នំពេញ ៖ ស្ត្រីក្រមុំចាស់ម្នាក់ ខូចចិត្តរហូតដល់យកស្រាមកដោះស្រាយបញ្ហា ទីបំផុតសម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ក្រោយមកលេងផ្ទះបងស្រីបាន២ថ្ងៃ នៅក្នុងភូមិថ្ម គោល២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

សពស្រ្តីរងគ្រោះមានឈ្មោះ វង ឈុនលី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ បុគ្គលិកផ្នែកអនាម័យ ស្នាក់នៅភូមិ ជម្ពូវ័ន២ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ផ្ទះលេខ៦៦០ ក្រុម៥៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ក្រមុំចាស់ឆាប់ខឹងច្រើន ហើយចូលចិត្តហូបស្រា ផឹកជាប្រចាំ មួយថ្ងៃបើមិនអស់២លីត្រ មិនសុខចិត្តឡើយ ហើយមុនកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្រ្តីរងគ្រោះ បានមកដេកសម្រាកលេង បងប្អូនស្រី នៅផ្ទះកើតហេតុ ទើបបាន២យប់២ថ្ងៃ ហើយនៅមុនពេលភ្ញាក់ផ្អើល បងប្អូនទៅធ្វើការងារអស់ សល់តែក្មួយប្រុស ម្នាក់អាយុ១៤ឆ្នាំ ដេករៀនក្នុងផ្ទះ ចំណែកជនរងគ្រោះអង្គុយហូបស្រាលើគ្រែក្រៅផ្ទះ លុះរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ បងស្រីចេញពីធ្វើការមកដល់ផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនដោយយកខ្សែកាបអុបទិចចងភ្ជាប់នឹងបង្គោល របង ស្រែកឆោឡោ ផ្អើលអ្នកជិតខាង ក្រុមគ្រួសារ ស្រាយលើទម្លាក់ចុះ ទោះជាធ្វើចលនាយ៉ាងណា ក៏មិនមានជីវិតឡើងវិញដែរ ។

ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ និងកោសល្យវិច័យ មុននឹងមុននឹងប្រគល់ជូនក្រុមគ្រួសារចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

Share.