ការ​​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩ មួយ​រយៈ​កន្លង​មក​នេះ ​បាន​សម្លាប់វិស័យ​ទេសចរណ៍​ឱ្យ​ដេក​ដួលស្ងៀម​​ស្ដូកស្ដឹង ​ វិស័យ​សិល្បៈ​ តន្ត្រី​ ភាពយន្ត​ ចម្រៀង​ ហាក់​នៅ​ទ្រឹង​ និង​ដំណើរ​ការ​ដោយ​យឺតយ៉ាវ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ហាក់​មាន​សញ្ញា​ណ​ល្អ​ ព្រោះ​មាន ចាងហ្វាងផលិតកម្ម ​ផលិតករ​ អ្នក​ដឹកនាំ​រឿង​ បាន​ផ្ដើម​ក្រុង​ពាលី​ ថតរឿង​ថ្មី​ បណ្ដើរ​ៗ​ឡើងវិញ​។

ថ្មីៗ​នេះ​ ចាងហ្វាងផលិតកម្ម​លោក ជា ​ឈីម​ អ្នក​ដឹកនាំ​ល្បី​ លោក​ ខាំ ​ភូរិ ​ក៏ដូចជាអ្នក​ដឹកនាំ​រឿងប្រចាំ​ផលិតកម្ម​ហង្សមាស​​ លោក​ កៅ សីហា បាន​បង្ហាញ​រូបភាព​ប្រារព្ធ​ពិធី​ក្រុងពាលីថត​រឿង​ភាគ​ថ្មី​​ជា​បន្ត​បន្ទាប់​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​​។

នៅ​ថ្ងៃ​ទី​ ៦ ខែ ​កញ្ញា លោក កៅ​ សីហា​ ម្ចាស់​ស្នាដៃ​ភាពយន្ត​ភាគ​ល្បី​រឿង​ «រាជិនី​ភូមិគ្រឹះ» បាន​រៀបចំ​ពិធី​ក្រុង​ពាលី​នៅ​ឯខេត្ត​សៀមរាម​ ដើម្បី​សុំ​អនុញ្ញាត​ម្ចាស់​ទឹក​ដី​កសាង​ស្នាដៃ​រឿង​បុរាណ និទាន​អំពី​សម័យ​លង្វែក​ ដើម្បី​ចងក្រង​ទុក​ជាឯកសារ​ និង​ជា​ផ្ទាំង​ទស្សនីយភាព​ចំណី​ចក្ខុ​នៃ​បងប្អូន​មហាជន​អ្នក​ទស្សនា​។ រឿង​ភាគ​ខ្នាត​ធំ​ដែល​ជា​ស្នាដៃ​បុរាណ​លើក​ដំបូង​របស់​លោក កៅ សីហា និពន្ថ​អត្ថ​ភាពយន្ត​ដោយ​ លោក​ សាស្ត្រាចារ្យ​ យូ សុភា ប្រមូល​ផ្ដុំ​ដោយ​តារា​ថ្មី​ចាស់​ជា​ច្រើន​រូប​ មាន​ដូច​ជា​​លោក សួន​ ពិសិដ្ឋ អ្នក​នាង​ សឿ សុធារ៉ា លោក ទ្រី ដារ៉ាវុធ និងកញ្ញា​ កែវ ឡាវីញ​។

នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ចាងហ្វាងផលិតកម្ម​ ជា​ ឈីម មីឌៀរ ដែល​ជា​​អ្នក​គ្រប់គ្រង​ការ​ផលិត លោក ជា ឈីម បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ ថត​រឿង​ភាគខ្មែរ​ថ្មី​ «ពូជ​មួយ​ត្រួយ​បី» ដែល​រឿង​នេះ​គឺជា​ការ​ជួប​គ្នា​រវាង​​តួឯក​ប្រុស​លោក ឈឹម សក្កដា និង​ កញ្ញា យ៉ែម ស្រីពេជ្រ។ សម្រាប់​រឿង​នេះ​ក្រៅ​ពី​វត្តមាន​តួ​​ឯក​ប្រុស​ស្រី​ខាង​លើ​ក៏​មាន​តួ​អង្គ​សំខាន់​ៗ​ដូច​ជា​ តារា​សម្ដែង​ជើង​ចាស់​ លោក ទេព​ រិនដារ៉ូ លោក លឹម រដ្ឋា លោក ម៉ា វីន និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។

នៅ​ថ្ងៃ​ទី​ ១៣ អ្នកដឹកនាំ​ល្បី​ដែល​ធ្លាប់​សាង​ស្នាដៃ​ដឹកនាំរឿងភាគ​មនោសញ្ចេតនា​ស្នេហា​លំនាំដើម​កូរ៉េ «សិសិរដូវ​ក្នុង​បេះដូង​» លោក​ ខាំ ភូរិ ក៏​បាន​រៀបចំ​ពិធី​ក្រុង​ពាលីខ្នាត​តូច​ ដោយមាន​ក្រុមការងារ​ និង​មាន​តារា​ល្បី​ដែល​ជា​តួអង្គ​​ឯក​ក្នុង​រឿង​មក​ចូលរួម​​ក្នុង​ពិធីនោះ​ដូច​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស លោក​ ឆន សុវណ្ណរាជ​ លោក​ ហ្សូណូ និង​តារា​សម្ដែង​ កញ្ញា ​មាន សូនីតា និង​ កញ្ញា ឆាយ នីតា។

ការ​ដែល​ផលិតករ​ អ្នក​ដឹកនាំ​ និង​តារា​ល្បីៗ បាន​ចាប់​ផ្ដើម​ថត​រឿងភាគ​ខ្មែរ​ថ្មីៗឡើង​វិញ​នេះ​ គឺជា​សញ្ញាណ​មួយ​​យ៉ាងល្អ​ បង្ហាញ​ពី​ការ​ងើប​ឡើង​វិញ​ជា​បណ្ដើរ​ៗ​នៃវិស័យ​ភាពយន្ត​ភាគ​​ខ្មែរ ​ទោះ​ជា​ស្ថិត​​ក្នុង​បរិបទ​​នៃការ​រីករាលដាល​ជំងឺ​កូវីដ​-១៩​​ក្ដី​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ៖

Telegram-Troryorng
Share.