បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតដែលត្រូវបានប្រជាជនកម្ពុជាតែងតែចូលរូមអនុវត្តជារៀងរាល់ឆ្នាំ។ ជាពិសេសប្រជាជនកម្ពុជាតែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ ដែលមានរយៈពេលកាន់បិណ្ឌចំនួន ១៥ថ្ងៃ ចាប់ពីថ្ងៃទី ១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី ១៥ រោច។ ប្រជាជនកម្ពុជាជឿថា ញាតិការទាំង ៧សណ្ដាន នឹងទទួលបានកុសលផលបុណ្យពីកូនចៅ នៅថ្ងៃភ្ជុំបិណ្ឌនេះ មិនតែប៉ុណ្ណោះសាច់ញាតិជិតឆ្ងាយ នឹងបានសម្រាកពីការងារ ហើយវិលមកធ្វើបុណ្យជុំគ្រួសារផងដែរ។

បើតាមតម្រាចារតាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីសម័យបុរាណមកម្ល៉េស។ ប៉ុន្ដែកាលពីសម័យមុនគេមិនហៅពិធីបុណ្យនេះថា បុណ្យភ្ជុំបិណ្ឌនោះទេ ដោយក្នុងពិធីនេះគេបែងចែកចេញជា ២ថ្នាក់ គឺ ភ្ជុំ និង បិណ្ឌ ដែលបច្ចុប្បន្ននេះថ្នាក់ទាំង ២ត្រូវបានគេរួមបញ្ចូលគ្នា។

រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនេះត្រូវបានអ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងនឹងពិធីកាន់បិណ្ឌគឺ៖

គម្ពីរ បេតវត្ថុ៖ ជាគម្ពីរបកស្រាយពីរឿងប្រេត
គម្ពីរ អានិសង្ឃបិណ្ឌ៖ គឺនិយាយអំពីផលបុណ្យនៃការធ្វើបុណ្យ
គម្ពីរ ពិទ្យាធរ ឬ គម្ពីរវិជ្ជាធរៈ៖ គឺនិយាយអំពីតំណាលអំពីប្រពែណីរបស់ជាតិខ្មែរដែលជាប់ទាក់ទងមកដល់សព្វថ្ងៃ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ មិនដឹងជា ទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ​ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ និង រលឹម ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃនិមត្តបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិកាទាំង៧សណ្ដាន តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនាកើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕

ប្រភព៖ ស្រាវជ្រាវពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង Wikipedia

Telegram-Troryorng
Share.