ក្រុមបាល់ទាត់ Manchester City បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់បាល់ទាត់ League Cup 2020-2021 នៅចក្រភពអង់គ្លេស ក្រោយយកឈ្នះលើក្រុមបាល់ទាត់ Tottenham Hotspur ដោយលទ្ធផល ១ទល់០ លើទីលានកីឡដ្ឋានជាតិ Wembley Stadium ក្នុងទីក្រុងឡុងដុង នៅយប់ថ្ងៃអាទិត្យ កន្លងទៅនេះ។

មានរឿងគួរឱ្យចាប់អារម្មណ៍ចំនួន៤ពីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ចប់មិញនេះ៖
*Man City តាមទាន់ Liverpool ក្នុងនាមអ្នកឈ្នះពាននេះច្រើនជាងគេបង្អស់
ក្រុម Manchester City ឈ្នះពានរង្វាន់នេះចំនួន៨លើកហើយ គឺស្មើនឹងក្រុម Liverpool ដែលឈ្នះច្រើនជាងគេគិតពីឆ្នាំ 2011-2012 មកម៉្លេះ។ រដូវកាលទាំង៨ដែល Manchester City ឈ្នះជើងឯកមាន 1969–70, 1975–76, 2013–14, 2015–16, 2017–18, 2018–19, 2019–20, 2020–21។
*កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ធ្លាក់តាំងពីវគ្គ១៦ក្រុមចុងក្រោយ
កីឡាករ២នាក់ដែលស្ថិតក្នុងបញ្ជីអ្នកទាត់បាល់បញ្ជូលទីបានច្រើនជាងគេ (Top Goal Scorer) រកបានម្នាក់៤គ្រាប់ ហើយក្រុមពួកគេធ្លាក់ចេញតាំងពីវគ្គ១៦ក្រុមចុងក្រោយមកម៉្លេះ។ កីឡាករទាំង២នាក់នោះមានកីឡាករ Tristan Abrahams របស់ក្រុមលីគលំដាប់ទី៤ Newport County និងកីឡាករ Sébastien Haller របស់ក្រុម West Ham United។
*មានបង្ហាញផ្ទះ«កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ» នៅជុំវិញទីលានប្រកួត
ពានរង្វាន់នេះមានការឧបត្ថម្ភធំដោយក្រុមហ៊ុន Carabao Energy Drink របស់ថៃ។ ដូច្នេះមានដំឡើងអក្សរឱ្យរត់នៅជុំវិញទីលានប្រកួតក្នុងកីឡដ្ឋាន Wembley Stadium ជាភាសាមួយចំនួនដែលជាទីផ្សារគោលដៅរបស់ក្រុមហ៊ុនក្នុងនោះក៏មានជាអក្សរខ្មែរ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ» ផងដែរ។

*ជាពានទី៩ របស់លោក Pep Guardiola នៅទឹកដីអង់គ្លេស
ក្រោយវិវត្តន៍ខ្លួនជាគ្រូបង្វឹកបាល់ទាត់បុរសជនជាតិអេស្ប៉ាញ រូបនេះដឹកនាំក្រុមណាក្រុមនោះលើកពានទាំងអស់តាំងពី FC Barcelona ប្រទេសអេស្ប៉ាញ និង Bayern Munich ប្រទេសអាល្លឺម៉ង។ ក្រោយធ្វើដំណើរមកទឹកដីអង់គ្លេស ដោយចូលរួមក្នុងក្រុម Man City មកលោក Pep ជួយក្រុមឱ្យឈ្នះពានចំនួន៩ហើយ បូកទាំងពានរង្វាន់យប់មិញនេះ។ ពានរង្វាន់ទាំង៩នោះមាន Premier League ចំនួន២លើក ឆ្នាំ 2017–18, 2018–19 FA Cup ១លើកឆ្នាំ 2018–19 ពានរង្វាន់ League Cup ៤លើក ឆ្នាំ 2017–18, 2018–19, 2019–20, 2020–21 និងពានFA Community Shield ២ លើកឆ្នាំ 2018, 2019៕