ការអប់រំកូនឲ្យក្លាយជាមនុស្សល្អ ក្មេងល្អ ចេះស្ដាប់បង្គាប់ ដើរផ្លូវល្អ មិនមែនជារឿងងាយទេសម្រាប់ម្ដាយឪពុកគ្រប់រូប។ ម្ដាយឪពុកទូទាំងពិភពលោកសុទ្ធតែស្រលាញ់ថ្នាក់ថ្នមកូនប្រៀបដូចជា កែវភ្នែក ប៉ុន្ដែការថ្នាក់ថ្នមកូន ទម្រើស​កូន ខ្លាំងពេក អាចធ្វើឲ្យកូនក្លាយជាក្មេងមិនល្អ ក្លាយជាក្មេងទម្រើស មិនស្ដាប់បង្គាប់ ឈ្លើយ។ល។ ដូច្នេះម្ដាយ ឪពុកគ្រប់រូបគួរតែបង្វែការស្រលាញ់ទម្រើសកូនមកជាការស្រលាញ់ដែលមានភាពអប់រំកូន នឹង ធ្វើជាគំរូដល់កូនៗ។ ម្ដាយឪពុកទាំងឡាយអាចសាកពីរបៀបបង្រៀនកូនប៉ុន្មានចំណុចនេះ ដើម្បីអនាគតកូន៖

១) វិន័យ៖ ម្ដាយឪពុកគួរតែបង្កើតច្បាប់ទម្លាប់សម្រាប់គ្រួសារ ដូចជាការណែនាំ អំពីអ្វីដែលល្អ អ្វីដែលមិនល្អ បង្រៀនកូនឲ្យស្គាល់ការងារស្រាលធ្ងន់ ឲ្យស្គាល់ពីភាពលំបាកនៅក្នុងសង្គមបច្ចុប្បន្ន ឬ បង្កើតជាឧទាហរណ៍ងាយៗសម្រាបកូនៗ អាចយល់អំពីអ្វីដែលអ្នកចង់ណែនាំ។ ទោះបីជាពេលខ្លះការអប់រំរបស់អ្នកធ្វើឲ្យកូនមិនសប្បនាយចិត្ត ប៉ុន្ដែមិនគួររំលងច្បាប់ទម្លាប់គ្រួសារនោះទេ ធ្វើដូចនេះកូនអ្នកនឹងអាចដឹងពីច្បាប់ទម្លាប់ នឹង គោរពពីអ្វីដែលអ្នកជាចង់បាន។ ចរិកក្មេង ប្រែជាល្អ ឬ ខូច អាស្រ័យលើការអប់រំ ឬ ការបន្ធូរបន្ថយធ្វេសប្រហែសរបស់ឪពុកម្ដាយ។

២) ធ្វើជាគំរូល្អ៖ ម្ដាយឪពុកគ្រប់រូបចង់ឲ្យកូនក្លាយជាក្មេងល្អ ចេះស្ដាប់បង្គាប់ ចេះគោរពចាស់ទុំ ប៉ុន្ដែអ្នកជាម្ដាយឪពុកបានធ្វើជាគំរូល្អដល់កូនៗហើយ រឺ​នៅ? ក្មេងៗ គឺដូចជាក្រដាស ស មួយសន្លឹក ប្រសិនបើអ្នកគូសពណ៌ណាលើក្រដាសគឺចេញពណ៌នោះ ដូចគ្នានិងចំណុចនេះដែរ ក្នុងនាមជាម្ដាយឪពុកត្រូវប្រកាន់ខ្ជាប់នូវគំរូល្អៗដល់កូនចៅ នៅពេលអ្នកទម្លាប់ល្អ កូនអ្នកក៏មានទម្លាប់ល្អដូចគ្នាដែរ។

៣) អាទិភាព៖ អ្នកគួរតែផ្ដល់អាទិភាពដល់កូនៗ ក្នុងការសម្រេចចិត្ត ព្រោះកត្តាក៏អាចធ្វើកូនៗរបស់អ្នកអាចមានគំនិតឆន្ទៈខ្ពស់ក្នុងការសម្រេចចិត្ត។ ដូចគ្នានឹងមនុស្សធំដែរនៅពេលដែលពួកគេដល់វ័យដែលចេះគិត ពួកគេនឹងចេះសម្រេចចិត្ត ស្វែងយល់ រកហេតុផល ថាអ្វីដែលធ្វើគឺល្អ ឬ មិនល្អ។ ដូច្នេះអ្នកគួរតែផ្ដល់ឲ្យពួកគេនូវសេរីភាពផ្លូវចិត្តឲ្យបានច្រើន ដូចជាការលេងជាមួយពួកគេតាំងពីវ័យកុមារ ហើយធ្វលឲ្យពួកគេមានភាពកក់ក្ដៅពេលរស់នៅក្នុងគ្រួសារ។

ចំណុចខ្លីៗទាំង ៣ នេះក៏អាចជួយឲ្យកូនៗរបស់អ្នកក្លាយជាក្មេងល្អ នាថ្ងៃអនាគត ជាពិសេសអ្នកក៏អាចចំណាយពេលវេលាជិតស្និតជាមួយកូនៗឲ្យបានច្រើន ទាំងការអប់រំបែបរៀនសូត្រ ការណែនាំ និង ទាំងការលេងសើច ផ្ដល់កំលាំងចិត្តដល់កូនៗ៕

ប្រភព៖ អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.