ពានរង្វាន់​​បាល់ទះ Special Volleyball Challenge 2021 បាន​រៀបចំ​សន្និសិទសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​នៅ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ម្ដុំ​ហ្គេ្រនភ្នំពេញ ដើម្បី​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​រៀបចំ​ក៏​ដូចជា​ការ​ដំណើរការ​នៃ​ការប្រកួត។

ជាមួយ​គ្នា​នេះ​ដែរ​លោក​បណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា៖«យើង​ទទួល​បាន​ការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឱ្យ​រៀបចំ​ការ​ប្រកួត​នេះ​ឡើង ក្នុង​គោលបំណង​ដកស្រង់​បច្ចេកទេស​ថ្មីៗ និង​​ផ្ដល់​ឱកាស​ឱ្យ​​កីឡាករ​បាន​ហ្វឹកហាត់​កន្លង​មក​បាន​បង្ហាញ​សមត្ថភាព​រៀងៗ​ខ្លួន។ មួយ​វិញ​ទៀត​ចង់​បំផុត​ការ​គាំទ្រ​ពី​មហាជន ព្រោះ​ការ​ប្រកួត​ក្រៅ​ប្រព័ន្ធ​កន្លង​មក​មិន​ទាន់​មាន​ការ​រៀបចំ​ស្តង់ដារ​ត្រឹមត្រូវ។ ដូច្នេះ​ហើយ​ទើប​យើង​កំណត់​ជា​គោលការណ៍​និង​ស្តង់ដារ​មួយ​ឱ្យ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​វិញ។ ជាមួយ​គ្នា​នេះ​ការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​រិតចំណង​មិត្តភាព សាមគ្គីភាព រវាង​កីឡាករ គ្រូ​បង្វឹកនិង​ថ្នាក់​ដឹកនាំ​ក្រុម​នានា»។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បន្ថែម​ថា៖«មាន​គេ​សួរ​ថា​ម៉េច​បាន​មិន​រៀបចំ​៦ទល់៦។ ខ្ញុំ​សួរ​ត្រឡប់​វិញ​ថា​ម៉េច​មិន​អាច​រៀបចំ​លក្ខណៈ​៤ទល់៣ បាន? ជា​ឧទាហរណ៍ ការ​​ប្រកួត​បាល់ទះ​ឆ្នេរ​មាន​ការ​ប្រកួត​១ទល់១ តែ​ក្រោយ​មក​​មាន​ការ​ប្រែប្រួល​២ទល់២ និង​មក​ទល់​បច្ចុប្បន្ន​មាន​ការ​ប្រកួត​៤ទល់៤ហើយ។ អីចឹង​ហេតុ​បាល់ទះ​ក្នុង​សាល​យើង​មិន​អាច​ប្រែប្រួល​បាន​ពី​៦ទល់៦ មក​៤ទល់៤ បើ​យើង​រៀបចំ​ក្នុង​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ មាន​ក្រិត្យក្រម​ត្រឹម​ត្រូវ»។

«យើង​បាន​ដឹង​ហើយ កូវីដ-១៩ ជា​រឿង​សំខាន់ ដូច​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ដុតដៃ​ដុតជើង​ក្នុង​ការ​បង្ការ​ជំងឺ​មួយ​នេះ។ តែ​ចំពោះ​វិស័យ​កីឡា​យើង បើ​សិន​យក​កូវីដ-១៩ ជា​ឈ្នាន​នោះ​យើង​មិន​អាច​ទៅ​មុខ​បាន​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​គណៈកម្មការ​របស់​យើង​បាន​រៀបចំ​តាម​បច្ចេកទេស​ខ្ពស់​បំផុត ហើយ​អាច​ជា​ចំណែក​មួយ​ដែរ​ ដែល​យើង​រៀបចំ​ការ​ប្រកួត​លក្ខណៈ​៤ទល់៤ នេះ​ឡើង​ ហើយ​អាច​កាត់​បន្ថយ​ចំនួន​កីឡា​នៅ​ក្នុង​ទីលាន​ប្រកួត​។ ម្ខាង​លេខ​បាន​៤​នាក់ បូក​គ្រូ​បង្វឹក​១រូប កីឡាករ​បម្រុង​២រូប​ទៀត​ និង​គណៈកម្មការ​បច្ចេកទេស​ខ្លះ​គឺ​ស្រប​តាម​ការ​កំណត់​របស់​​វិធាន​សុខាភិបាល»។លោក​បណ្ឌិត អាំង សេរីពិសិដ្ឋ បញ្ជាក់។

លោក​ថា៖«គ្រប់​ក្រុម​​ដែល​ដាក់​ពាក្យ​គឺ​តម្រូវ​ឱ្យ​តេស្ត​រក​កូវីដ-១៩ ជា​មុន​សិន បន្ទាប់​មក​មុន​ការ​ប្រកួត​២ថ្ងៃ​គឺ​យើង​ធ្វើ​តេស្ត​​ម្តង​ទៀត ចុង​ក្រោយ​នៅ​ថ្ងៃ​ប្រកួត​ពេល​កីឡាករ​និង​ប្រតិភូ​មក​ដល់​គឺ​យើង​ធ្វើតេស្ត​ម្តង​ទៀត។ ទោះបី​ជា​មិន​ល្អ​ឥតខ្ចោះ តែ​យើង​បាន​រៀបចំ​​ក្នុង​ការ​ការពារ​ខ្ពស់»។


​​ដោយ​ឡែក ឯកឧត្តម រ៉ា នូវិបុត្រ នាយក​ក្រុមហ៊ុន Forward ដែល​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​លើក​ឡើង​ថា៖«យើង​សូមអរគុណ​ដែល​ខាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​យើង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា។ ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​កីឡា​ក្នុង​ស្រុក ពួក​យើង​នឹង​ធ្វើការ​សហការ​ជាមួយ​ក្រុម​កីឡា​ជាតិ​ទាំង​អស់ និង​ព្រឹត្តិការណ៍​កីឡា ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ​ទាំង​អស់​គ្នា»។

លោក ទែន ឡន នាយក​បច្ចេកទេស បាន​បញ្ជាក់​ថា​៖«យើង​សង្ឃឹម​ថា​​កីឡាករ​លេង​ត្រូវ​តាម​បច្ចេកទេស​កីឡា​បាល់ទះ​ឡើង​វិញ ព្រោះ​កន្លង​មក​មាន​ការ​ចាប់​បោះ ដែល​ធ្វើ​ឱ្យ​ខុស​ស្តង់ដារ។ ការ​លេង​៤ស្មើ​នេះ ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកទេស យើង​រំពឹង​ថា​​តួរនាទី​កីឡាករ​ដែល​លេង​ប្រយុទ្ធ គាត់​បន្ថែម​ការងារ​មួយ​ទៀត​ជា​អ្នក​ទទួល​សេវា។ បើ​លេង​៦ស្មើ ពេល​ខ្លះ​គាត់​មិន​ទាន់​ទទួល​សេវា​ម្តង​ផង»។

ចំណែក​ការ​ប្រកួត​​ពានរង្វាន់​​បាល់ទះ Special Volleyball Challenge 2021 គ្រោង​ដំណើរការ​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ នៅ​ទីលាន​កីឡដ្ឋាន​ព្រីនស៍។ ក្រុម​ដែល​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ពាន ចំនួនមួយ និងថវិកាចំនួន ១០លានរៀល ហើយ​ក្រុម​ជើង​ឯករង​​ទទួល​បាន​ថវិកា​៨លានរៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៦​លានរៀល។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ពានរង្វាន់​ឯកត្តជន​ផង​ដែរ​ ដូចជា​កីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និង​កីឡាករលើកបាល់ល្អជាងគេ ទទួល​រង្វាន់​ជា​ថវិកា​​ម្នាក់ ចំនួន​ ៤​សែន​រៀល។

ចំណែក​ការ​ប្រកួត​បែងចែក​ជា​​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​៨ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។ សម្រាប់​ក្រុម​ដែល​ចង់​​ចូលរួម​​ប្រកួត​ប្រជែង​​អាច​ចុះ​ឈ្មោះ​តាមរយៈ​លេខ 098 229 192 / 077 910 009 (លោក​គ្រូ ទែន ឡន)៕

Telegram-Troryorng
Share.