យោងតាមរបាយការណ៍បឋម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាអ្នកជួសជុលម៉ូតូ រងការឆាបឆេះដោយអគ្គិភ័យ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន ប៉ុន្ដែមិនមានមនុស្សបាត់បង់ជីវិតនោះទេ។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១ អគ្គិភ័យឆេះ នៅទល់មុខវត្តចំប៉ា សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោងជិត១រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ 

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យខាងលើបណ្ដាលមកពីការផ្ទុះហ្គាសបង្កឲ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋរកសុីជុសជុលម៉ូតូ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មានដូចជា៖ ម៉ូតូ(Zoomer x)១គ្រឿងតម្លៃ២ពាន់ដុល្លារ, កង់តម្លៃ១ពាន់ដុល្លារ១គ្រឿង ព្រមទាំងទូរស្ទ័ពដៃទំនើបៗចំនួន៥គ្រឿង នឹងឯកសារសំខាន់ៗជាច្រើនទៀតបូករួមទាំងសម្ភារៈរកសុីសរុបប្រហែល៥មុឺនដុល្លារ។

ផ្អែកតាមសម្តីបងស្រីជាម្ចាស់ផ្ទះបានឲ្យដឹងថា គាត់បើកចង្រ្កានហ្គាសតូចកម្តៅបបរបង្អែមឲ្យកូនគាត់ញុំាពេលចុចបើកភ្លាមស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនៅតាមការ៉ូហើយគាត់ភ័យក៏ស្រែកហៅប្តី នៅដេកខាងមុខផ្ទះរួចគាត់នាំកូនៗរត់ចេញមកខាងក្រៅដើម្បីសុវត្ថិភាព ភ្លាមៗនោះហ្គាសក៏ផ្ទុះឆេះខ្លាំងៗភ្លាមដោយសារនៅក្នុងនោះមានធុងសំាង ១កាន នឹងប្រេងម៉ានសុីនជាច្រើនកំប៉ុង។ 

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរខាង រួមទាំងអ្នកធ្វើដំណើរតាម (ផ្លូវជាតិលេខ១)ផងដែរ។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតក្រុមគ្រួសារគាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍ខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តទឹកពន្លត់អគ្គិភ័យ ខណ្ឌច្បារអំពៅ បានមកពន្លត់ចំណាយរយៈពេលជាង១ម៉ោង ប៉ុន្តែមិនមានការរាលដាលឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងឡើយ៕ 

Share.