ភ្នំពេញ៖ តូបលក់ដូររងការខូចខាតស្ទើរទាំងស្រុង ដោយសារតែអគ្គិភ័យ បានលេបត្របាក់ នៅវេលាម៉ោង​ ១២និង១០នាទីយប់រំលងអាធ្រាត​ឈានចូលថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ​ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

បើតាមសន្ដិសុខ ដែលបានយាមនៅផ្សារនោះបានឲ្យដឹងដំបូងគេឃើញអណ្ដាតភ្លើងបានឆាបឆេះចេញពីតូបមួយនៅក្នុងផ្សារ ក៏បានរាយការណ៍ទៅការិល័យបង្ការនឹងពន្លត់អគ្គីភ័យ នៃស្នងការនរគបាលរាជធានីភ្នំពេញ ឲ្យមកជួយអន្ដរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ហេតុការណ៍នេះបានបំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារៈក្នុងតូបទាំងស្រុង។ 

បើតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងដែលមានអគ្គីភ័យ គឺលោកឧកញ៉ា កាំង ឡេង ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ។ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការ ឆ្លងចរន្ដអគ្គិសនី​។   

ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ តូបថ្មប្រក់ស័ង្កសី ដែលមានទំហំ​ ២០០ម៉ែត្រ x ១២ម៉ែត្រ​ ឆេះអស់តូបចំនួន ៦តូប នឹងសម្ភារៈក្នុងតូបអស់ទាំងស្រុង​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ ក្នុងករណីគ្រោះអគ្គីភ័យនេះ មិនមានអ្នករងរបួសទេ។ ចំពោះប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២៤គ្រឿង ប្រើប្រាស់ទឹកអស់​ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្ត​របស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប  ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង​ ១និង១០នាទីយប់រំលងអាធ្រាត​នាថ្ងៃដដែរ៕

Share.