ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្នុង​សាល​របស់​ថៃ និង​ជម្រើស​ជាតិ​វៀតណាម ក្នុង​តំបន់​អាស៊ាន បាន​ឈាន​ជើង​ឡើង​ដល់​វគ្គ​១៦ក្រុម​ចុងក្រោយ ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​បាល់ទាត់​ក្នុង​សាល​ពិភពលោក 2021 FIFA Futsal World Cup ហើយ​ក្រុម​ធ្វើ​បាន​ល្អ​រៀង​ខ្លួន​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។

ទាំង​ថៃ និង​វៀតណាម ជាប់​ឈ្មោះ​ជា​ក្រុម​លេខ៣ល្អ​តាម​ពូល​រៀងៗខ្លួន ខណៈ​ថៃ ប្រកួត​ជម្រុះ​តាម​ពូល​៣លើក ឈ្នះ​១លើក ស្មើ១លើក និង​ចាញ់​១លើក ទាត់​ចូលទី​គេ​បាន​១១គ្រាប់ និង​គេ​ទាត់​ចូល​វិញ​៩គ្រាប់។ ថៃ បាន​​ចាញ់​ព័រទុយហ្គាល់ ៤-១ ហើយ​ស្មើ​ម៉ូណាកូ ១-១ និង​ឈ្នះ​​Solomon Islands ៩-៤។

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល​៣៩​រូប​​មក​ពី​​ទ្វីប​ទាំង​៦ នឹង​ដឹកនាំ​​ប្រកួត​ 2021 FIFA Futsal World Cup

ចំណែក​វៀតណាម ​ប្រកួត​៣លើក ឈ្នះ​១លើក ស្មើ១លើក និង​ចាញ់​១លើក​ដូចគ្នា តែ​ទាត់​ចូល​គូ​ប្រកួត​​បាន​៥លើក និង​គេ​ទាត់​ចូល​វិញ​១២លើក។ វៀតណាម ចាញ់​ប្រេស៊ីល ៩-១ តែ​ឈ្នះ​ប៉ាណាម៉ា ៣-២ និង​ស្មើ​គ្នា​ជាមួយ​សាធារណៈរដ្ឋ​ឆែក ១-១។

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ គឺ​ក្រុម​វៀតណាម ត្រូវ​ជួប​រុស្ស៊ី នៅ​ថ្ងៃ​ទី២២ កញ្ញា ២០២១ ក្នុង​ទីលាន Avia Solutions Group Arena ​ទីក្រុង Vilnius។ ដោយ​ឡែក​ក្រុម​ថៃ ត្រូវ​ជួប​កាហ្សាក់ស្ថាន នៅ​ថ្ងៃ​ទី២៣ កញ្ញា ២០២១ លើ​ទីលាន Žalgiris Arena ក្នុង​ទីក្រុង Kaunas។

ក្រុម​វៀតណាម

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ​កីឡាករ Ferrão របស់​ប្រេស៊ីល រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​៦គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​កីឡាករ​ដទៃ​ក្នុង​ពានរង្វាន់​នេះ។ សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ​រក​ឃើញ​ក្រុម​បណ្តើៗ​ហើយ​ដោយ​ក្នុង​នោះ​មាន៖
គូ​ទី១៖ វេណេហ្ស៊ុយអេឡា Vs ម៉ូណាកូ
គូ​ទី២៖ ប្រេស៊ីល Vs លេខ​៣​ពូល E/F
គូ​ទី៣៖ រុស្ស៊ី Vs វៀតណាម
គូ​ទី៤៖ លេខ១​ពូល F Vs លេខ​២​ពូល E
គូ​ទី៥៖ លេខ​១​ពូល E Vs ឆែក
គូ​ទី៦៖ ព័រទុយហ្គាល់ Vs លេខ​៣​ពូល A/F
គូ​ទី៧៖ អ៊ូបេគីស្ថាន Vs ជើង​ឯក​រង​ពូល F
គូ​ទី៨៖ កាហ្សាក់ស្ថាន Vs ថៃ

ក្រុម​ថៃ

​សូម​បញ្ជាក់ថា​វៀតណាម និង​ថៃ ស្ថិត​ក្នុង​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​មាន ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន ថៃ និង​វៀតណាម៕

Telegram-Troryorng
Share.