កូន​ខ្មែរ​មួយ​រូប​បាន​នាំ​មក​នូវ​មោទកភាព​សម្រាប់​ជាតិ​ខ្មែរ​ ដោយ​យុវជន​​ដែល​ត្រូវបាន​អ្នក​គាំទ្រ​ស្គាល់​ថា​ជា​តារា​បង្ហាញ​ម៉ូដ​និង​ជា​តារា​សម្ដែង កាល​ពី​ថ្ងៃ​ទី​០១ ខែ​ សីហា ឆ្នាំ​២០២១​ បាន​ចុះ​កិច្ច​ព្រមព្រៀង​​ជា​សិល្បករ​ប្រចាំ​ក្រុម​ហ៊ុន​គ្រប់​គ្រង​សិល្បៈ​ដ៏​ធំ​មួយ​នា​​ប្រទេស​សិង្ហបុរី។

កាល​ពី​ពេល​ថ្មីៗ​នេះ​ យុវជន​ដែល​មាន​ឈ្មោះ​ពិត​ អ៊ឹង ហាវ ហៅ ​ដេវីត​ វ័យ ​១៩​ឆ្នាំ​ បាន​ប្រកាស​តាមរយៈ​បណ្ដាញ​សង្គម​ថា​លោក​បាន​ចុះកិច្ចព្រមព្រៀងជាសិល្បករក្នុង​ក្រុមហ៊ុន​ TCP Media Group ដើម្បី​បន្ត​ក្ដី​សុបិន​ជា​តារាសម្ដែង​របស់​ខ្លួន។

កូន​ប្រុស​អ្នក​ខេត្ត​បាត់​ដំបង​រូប​នេះ​បច្ចុប្បន្ន​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទីបី​ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម  លោក​បាន​មក​បន្ត​ការ​សិក្សានៅ​ប្រទេស​សិង្ហបុរី ​តាំង​ពី​អាយុ ​៨​ឆ្នាំ​ តាម​រយៈ​ការ​ផ្ចុងផ្ដើម​ពី​ក្រុម​គ្រួសារ​។ នៅ​ក្នុង​វិស័យ​សម្ដែង​សម្រាប់​ Devid មិន​ចាត់​ទុក​ថា​ខ្ចី​សេចក្ដី​នោះ​ទេ​ ព្រោះ​កន្លង​មក​បុរស​ញញឹម​ស្រស់​រូប​នេះ​ធ្លាប់​បាន​ច្រៀង​ចម្រៀង Cover បង្ហោះលើ​ Instgram ក៏​ដូច​ជា​ហ្វេសប៊ុក​ ជា​ពិសេស​នោះ​លោក​ថែម​ទាំង​ធ្លាប់​សម្ដែង​ជា​តួ​ឯង​ប្រុស​ក្នុង​រឿង​ភាគ​បែប​យុវវ័យ​ «ក្ដីប្រាថ្នាខួប​១៨​ឆ្នាំ​» របស់​ផលិតកម្ម​ហង្សមាស​ផង​ដែរ​។​

ងាក​មក​អាជីព​សម្ដែង​នា​ប្រទេស​សិង្ហបុរី​វិញ​ដោយ​មាន​ទុន​សិល្បៈ​​ស្រាប់​ រួម​ផ្សំ​នឹង​រូប​សម្បត្តិ​ស្រស់​សង្ហា​សម​សួន ពេញ​ដោយ​ភាព​ក្លាហាន​ផង​នោះ​​ Devid បាន​ក្លាយ​ជា​តារា​ជនជាតិ​​ខ្មែរ​ទីមួយ បាន​​ចុះ​កិច្ច​ព្រមព្រៀង​​ជាមួយ​នឹង​ក្រុម​ហ៊ុន​ TCP Media Group

សម្រាប់​ការងារ​ថ្មី​ជាមួយ​នឹង​ក្រុមហ៊ុន TCP Media Group នេះ Devid ក្ដោង​បាន​តំណែង​ជា​តួឯក​ប្រុស​រឿង​ភាគ​ចំនួន​ពីរ​រឿង​ ដោយ​រឿង​ភ​ទីមួយ​ផលិត​ដោយ​ TCP Media មាន​ចំណង​ជើង​ថា «What We Could Be»​ និង​រឿង​ទីពីរ​មាន​ចំណង​ជើង​ «ធ្លាក់ក្នុងអន្លុងស្នេហ៍ក្នុង100វិនាទី» បញ្ចាំង​នៅ​លើ​ Platform VIU Singapore ។

គួរ​ដឹង​ថា​ Devid បច្ចុប្បន្ន​មាន​អាយុ ​១៩​ឆ្នាំ​ ​មាន​​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ជា​កូន​ប្រុស​ច្បង​​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ ប្រុស​ម្នាក់​ស្រី​ពីរ​នាក់​ ស្ថិត​ក្នុង​ក្រុម​គ្រួសារ​ជា​អ្នក​ជំនួញ​៕​

Telegram-Troryorng
Share.