រថយន្តបែនដឹកដីបើកបរមិនប្រយ័ត្នកៀរម៉ូតូដួលចូលក្រោមរថយន្តកិនម៉ូតូខ្ទេចខូចខាតទាំងស្រុងសំណាងដែលម្ចាស់លោតចេញទាន់បណ្ដាលឲ្យរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឈុន ដាលីន ភេទប្រុ អាយុ ១៨ ឆ្នាំ មុខរបរកម្មរោងចក្រពូក ស្នាក់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ស៊េរី០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HM-5371មកទិញបាយម្ហូបយកទៅអោយមិត្តភ័ក្តិធ្វើការនៅក្រុងតាខ្មៅដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើត។ខណៈមកដល់ចំណុចកើតហេតុមានការកកស្ទះចរាចរាណ៍ក៏បានអង្អង់ឈប់ស្របពេលមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង3B-6666បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាបើកមកពីក្រោយកៀរម៉ូតូដួលចូលក្រោមរថយន្តកិនម៉ូតូខ្ទេចរងការខូចខាតទាំងស្រុង សំណាងដែលម្ចាស់ម៉ូតូលោតចេញទាន់ ក្រោយមករថយន្តបង្កមិនបានឈប់ដោះស្រាយគ្នានោះទេព្យាយាមបើករត់គេច។

ក្រោយមកសមត្ថកិច្ចដេញឃាត់បានត្រង់ចំណុចការដ្ឋានខ្សាច់នៅផ្លូវ៦០ម៉ែត្រអោយម្ចាស់ទៅធ្វើការដោះស្រាយគ្នានៅចំណុចកើតហេតុវិញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ត្រួតពិនិត្យកន្លែងកើតហេតុធ្វើការវាស់វែងរួចទុកពេលអោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមចេញសំណងទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖សេង សាវី

Share.