ភាពជោគជ័យក្នុងការរកស៊ីមិនមែនជារឿងងាយស្រួលឡើយ ដើម្បីទទួលបានជោគជ័យយើងត្រូវស្វែងរកនូវគន្លឺះ និង ព្យាយាមស្វែងយល់ពីបរិបទនៃសង្គមបច្ចុប្បន្នឲ្យបានច្រើន។ បច្ចុប្បន្ននេះ សម្បូរទៅដោយទីផ្សារប្រកួតប្រជែង ដូច្នេះប្រសិនបើអ្នកមានគោលជំហ រឹងមាំហើយ ទោះបីជាមានព្យុះភ្លៀងបោកបក់មកលើអាជីវកម្មរបស់អ្នកយ៉ាងណាក៏មិនងាយនឹងដួលរលំដែរ។ ជាពិសេសគ្រប់ផលិតផល ឬ សេវាកម្មជោគជ័យដែលដាក់លក់នៅលើទីផ្សារសព្វថ្ងៃ បានចាប់ផ្ដើមសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីអតិថិជននឹងដៃគូប្រកួតប្រជែង។

សារព័ត៌មានត្រយងសូមចែករំលែកនូវគន្លឹះ ៤ យ៉ាងដើម្បីឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពប្រសើរជាងមុន៖​

១) ស្រាវជ្រាវផលិតផលមុនលក់៖ មុននឹងសម្រេចចិត្តលក់ផលិតផលអ្វីមួយអ្នកគួរតែស្វែងយល់អំពីប្រភពឲ្យបានច្បាស់លាស់ ជាពិសេសត្រូវតេស្តអំពីផលិតដែលត្រូវលក់ថា តើផលិតផលនេះមានគុណភាព និង គុណតម្លៃបែបណាខ្លះដើម្បីតម្រូវចិត្តអតិថិជន។

២) ទំនួលខុសត្រូវ៖ ត្រូវមានភាពទំនួលខុសត្រូវលើផលិតផលរបស់ខ្លួន ដើម្បីធានាថាផលិតផលមានគុណភាព នឹង ធានានូវសុវត្ថិភាពជូនអតិថិជន។ នៅពេលដែលផលិតផលរបស់អ្នកមានគុណភាពល្អ ជាផលិតផលដែលទទួលស្គាល់តាមស្ដង់ដា នោះអតិថិជននឹងបាក់ទៅរកជាវពីអ្នកមិនខាន។​

៣) ផ្សព្វផ្សាយផលិតផល៖ វាមិនមែនជារឿងងាយស្រួលនោះទេ ដែលធ្វើឲ្យគេស្គាល់ពីផលិតផលរបស់យើងដោយ​ឯកឯង។ យើងត្រូវចេះធ្វើការចំណាយដើមទុន ក្នុងការផ្សព្វផ្សាយពីផលិតផលនៅតាមបណ្ដាញសង្គមនានា ព្រោះមុនចំណេញក៏ត្រូវចំណាយខ្លះដែរ។ ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ក្នុងសម័យកូវីដបច្ចុប្បន្ននេះកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ដូច្នេះអ្នកគួរតែចាយលុយឲ្យសមទៅនឹងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នក។

៤) មានទំនាក់ទំនងល្អ៖ ការផ្ដល់សេវាកម្ម និងទំនាក់ទំនងល្អ រវាងអ្នកលក់ និងអតិថិជនគឺជារឿងសំខាន់ ព្រោះនៅពេលដែលអ្នកមានទំនាក់ទំនងល្អជាមួយភ្ញៀវ នោះភ្ញៀវនឹងបាក់ចិត្តចង់ទិញទំនិញពីអ្នក ដោយសារតែគេដឹងថាអ្នកអាចយល់ពីចំណង់ចំណូលចិត្តរបស់គេដោយមិនចាំបាច់ពន្យល់ច្រើនដែលផ្ដល់នូវភាពងាយស្រួលទាំងសងខាង។ អ្វីដែលសំខាន់អ្នកក៏ត្រូវមានទំនាក់ទំនងល្អជាមួយនឹងក្រុមការងារផងដែរ ព្រោះយើងត្រូវរួមគ្នាសម្រេចគោលដៅជាមួយគ្នា ហើយការបង្កើតអាជីវកម្មមួយមិនអាចផ្ដើមចេញពីមនុស្សតែម្នាក់ទេ ដូច្នេះគួរតែពង្រឹងទំនាក់ទំនងជាមួយបុគ្គលិក ឬ ដៃគូរអាជីវកម្មរបស់អ្នកឲ្យប្រសើរឡើង។

ការគិតទុកជាមុនគឺល្អបំផុតសម្រាប់ការចាប់ផ្ដើមដំណើរការអាជីវកម្ម ព្រោះយើងត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងបរាជ័យ។​ ប៉ុន្ដែនៅពីក្រោយភាពជោគជ័យ គឺ តែងតែមានភាពបរាជ័យ តែអ្វីដែលសំខាន់អ្នកមិនបាននៅជាមួយភាពបរាជ័យទេ ដោយគ្រាន់តែយកភាពបរាជ័យកន្លងមក ធ្វើជាបទពិសោធន៍ដើម្បីដោះស្រាយនាពេលអនាគត៕

អត្ថបទ៖ ស្រាវជ្រាវ

Telegram-Troryorng
Share.